អាជ្ញាធរខណ្ឌច្បារអំពៅចុះផ្សព្វផ្សាយ សេចក្តីសម្រេចស្ដីពីការអនុវត្តវិធានការ រដ្ឋបាលជាបណ្ដោះអាសន្នដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ ដើម្បីបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ កុំអោយរីករាលដាលចូលសហគមន៍ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅបាន ចុះត្រួតពិនិត្យផ្សព្វផ្សាយណែនាំសេចក្ដីសម្រេចស្ដីពីការអនុវត្តន៍ វិធានការរដ្ឋបាលជាបណ្ដោះអាសន្នរបស់រដ្ឋបាលរាជធានីភ្នំពេញទៅដល់ប្រជាពលរដ្ឋនៅទូទាំងមូលដ្ឋានខណ្ឌ។
យុទ្ធនាការចុះផ្សព្វផ្សាយណែនាំនិងចែកសេចក្តីសម្រេចដល់អ្នកលក់ដូរពេលយប់តាមដងផ្លូវនិងកន្លែងទីប្រជុំជននេះបានធ្វើឡើង កាលពីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ដោយបែងចែកគោលដៅចុះផ្សព្វផ្សាយណែនាំដល់អ្នកលក់ដូរពេលយប់ ។

ក្នុងនោះលោកណុប ផា អភិបាលរងខណ្ឌដឹកនាំកម្លាំងចុះតាមផ្លូវ៣៦៩ ព្រែកប្រាទៅកាន់ស្ពានព្រែកសំរោង ឆ្ពោះទៅផ្លូវថៃហ្គ័រ ទៅកាន់តំបន់ទីប្រជុំជនក្នុងសង្កាត់ក្បាល់កោះ សង្កាត់ព្រែកឯង សង្កាត់វាលស្បូវ និងសង្កាត់និរោធ ។ ចំណែកលោកញាណ ច័ន្ទសោភា នាយករដ្ឋបាលសាលាខណ្ឌជាប្រធានក្រុមការងារចុះផ្សព្វផ្សាយណែនាំនិងចែកសេចក្តី សម្រេចដល់អ្នកលក់ដូរនៅផ្សារច្បារអំពៅនិងកន្លែងទីប្រជុំជនមួយចំនួនទៀត។

ក្នុងការចុះផ្សព្វផ្សាយណែនាំ អំពីសេចក្ដីសម្រេចស្ដីពីការអនុវត្តន៍ វិធានការរដ្ឋបាលជាបណ្ដោះអាសន្នរបស់រដ្ឋបាលរាជធានីភ្នំពេញនេះដែរលោក ញាណ ច័ន្ទសោភា នាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានប្រាប់ផ្ទាល់មាត់ដល់អាជីវករលក់ដូរ ឲ្យគោរពតាមសេចក្តីសម្រេចស្ដីពីការ អនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ការងារគ្រប់គ្រងសភាពការណ៍ក្នុងមូលដ្ឋាន ការចូលរួមអនុវត្តន៍តាមវិធានការរបស់ ក្រសួងសុខាភិបាល និង ការចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “៣ការពារ ៣កុំ” ដើម្បីចៀសផុតពីជំងឺកូវីដ១៩។

លោកបន្តថា បន្ទាប់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្រេចដាក់ច្បាប់ផ្អាកចរាចរណ៍និងសកម្មភាពអាជីវកម្មតាមដងផ្លូ វសាធារណះ ចាប់ពីម៉ោង៨ យប់រហូតទៅដល់វេលាម៉ោង៥ភ្លឺ ហើយការអនុវត្តនេះគឺចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ក្នុងរយះពេល២សប្តាហ៍ ។
ជាការកត់សំគាល់ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចដាក់ច្បាប់ផ្អាកចរាចរណ៍និងសកម្មភាពអាជីវកម្មតាមដងផ្លូ វសាធារណះ សង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋមួយចំនួនធំបានធ្វើតាមការណែនាំ និងមួយចំនួនតូចនៅមិនទាន់អនុវត្តបាននៅឡើយ។

ក្នុងនោះផងដែរលោកក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវគោរពតាមសេចក្តីសម្រេចនេះ បើមិនដូច្នេះទេ អាជ្ញាធរនិងចាត់វិធានការតាមផ្លូវច្បាប់សម្រាប់អ្នកធ្វើចរាចរពេលយប់បំពានបំរាមគោចរណ៍ ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ព្រឹក គឺត្រូវតែចាប់ឡាន ម៉ូតូ និងមធ្យោបាយធ្វើដំណើរផ្សេងៗយកទៅរក្សាទុក ហើយឱ្យមនុស្សទៅធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ ៕ ប៊ុនធី-សណ្តោស

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner