មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ដំណើរការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនមន្ត្រីរាជការទូទាំងខេត្ត

អត្ថបទដោយ៖
ជា សេឌី

មន្ទីរសុខាភិបាលខេត្តឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនមន្ត្រីរាជការទូទាំងខេត្ត។ ឯកឧត្ដម វេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា មន្ទីរសុខាភិបាល បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជំហានទី២ ជូនដល់បុគ្គលិកមន្រ្តីរាជការមន្ទីរអង្គភាព ទូទាំងខេត្ត ដែលមានអាយុពី១៨ឆ្នាំឡើងទៅ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យបង្អែកចំនួន០៥កន្លែង  ក្នុងខេត្តឧត្ដរមានជ័យ ចាប់ពី ខែមេសា ឆ្នាំ២០២១នេះតទៅ ជារៀងរាល់ថ្ងៃ រៀងរាល់ម៉ោងធ្វើការ។

១.មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ

២.មន្ទីរពេទ្យបង្អែកស្រុកអន្លង់វេង នៅស្រុកអន្លង់វេង

៣.មណ្ឌលសុខភាពស្រុកចុងកាល់ នៅស្រុកចុងកាល់

៤.មណ្ឌលសុខភាពគោកមន ស្រុកបន្ទាយអំពឹល

៥.មណ្ឌលសុខភាពត្រពាំងប្រាសាទ នៅស្រុកត្រពាំងប្រាសាទ។

ឯកឧត្ដម វេជ្ជបណ្ឌិត ឃ្លោក ហួត បានបន្តទៀតថា ចំនួនវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលត្រូវចាក់ជូនដល់មន្ត្រីរាជការ មន្ទីរអង្គភាព អាជ្ញាធរ ក្រុង ស្រុក នេះមានចំនួន៩៨០០ដូស ដែលស្មើនឹងចំនួនមនុស្ស៤៩០០នាក់។

ឯកឧត្ដម វេជ្ជបណ្ឌិត ក៏បានលើកឡើងផងដែរថា ទាំងនេះគឺជាការយកចិត្តទុកដាក់ដ៏ធំធេង ចំពោះសុខភាពអាយុជីវិតរបស់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋ មន្ត្រីរាជការ មន្ទីរអង្គភាព អាជ្ញាធរ ក្រុង ស្រុកទាំងអស់ ដើម្បីបង្ការទប់ស្កាត់កុំឲ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ មកខ្លួនយើង ក៏ដូចជានៅក្នុងសហគមន៍ផងដែរ។   ឯកឧត្ដម វេជ្ជបណ្ឌិតបន្ដថា ទោះបីជាយើងបានចាក់នៅវ៉ាក់សាំងការពារជំងឺកូវីដ១៩ ក៏ពិតមែន ក៏ប៉ុន្តែយើងត្រូវតែបន្តអនុវត្ត តាមប្រសាសន៍របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលដោយត្រូវអនុវត្តតាមគោលការណ៍ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន ដោយមិនត្រូវភ្លេចខ្លួននោះទេ។

ជាមួយគ្នានេះ ឯកឧត្ដម វេជ្ជបណ្ឌិត ក៏សូមផ្ដាំផ្ញើដល់មន្ត្រីរាជការ មន្ត្រីមន្ទីរអង្គភាពទាំងអស់ ដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចហើយសូមជៀសវាងការធ្វើការធ្ងន់ ហាមប្រើប្រាស់គ្រឿងស្រវឹង និងញ៉ាំអាហារបំប៉នឲ្យបានគ្រប់គ្រាន់៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner