សម្តេចតេជោ ប្រកាសជំរុញឱ្យរៀបចំចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេស ដោយជំរុញឱ្យលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអភិបាលរាជធានីភ្នំពេញ រៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ ជាបន្ទាន់។

យោងតាមសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា រាជធានីភ្នំពេញ ជាតំបន់សំខាន់ ដែលជាចំណុច នៃការរីករាលដាលជំងឺកូវីដ១៩ ដ៏ខ្លាំងក្លាមួយ ដែលរាជរដ្ឋាភិបាលត្រូវតែទប់ស្កាត់។

សម្ដេចបានលើកឡើងដូច្នេះថា៖ ខ្ញុំសូមស្នើលោកជំទាវ ឱ វណ្ណឌីន ក៏ដូចជាឯកឧត្តម ឃួង ស្រេង ដែលមួយជាប្រធានគណៈកម្មការចំពោះកិច្ច និងមួយទៀត ជាអនុប្រធានគណៈកម្មការចំពោះកិច្ច រៀបចំជាបន្ទាន់ទៅលើការចាក់ឲ្យអ្នកលក់ត្រី អ្នកលក់បន្លែបង្ការ អ្នករកស៉ី ដែលមានផលប៉ះពាល់ ដែលអាចងាយឆ្លងក្នុងទីផ្សារ ឲ្យបានឆាប់រហ័ស ហើយធ្វើសកម្មភាពដើម្បីចាក់វ៉ាក់សាំង ឲ្យពួកគាត់ ដូចដែលយើងបានធ្វើចំពោះកម្មករ នៃក្រុមហ៊ុនប្រមូលសំរាមស៉ីនទ្រី ផងដែរ ហើយអ្នកកង់បី អ្នកតាក់ស៉ី អ្នកដឹកជញ្ជួនផ្សេងៗ ដែលយកតាមការបញ្ជា ពីកន្លែងមួយទៅកាន់កន្លែងមួយ ឲ្យបានចាក់ថ្នាំបង្ការ ។

សូមបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំង ៣ប្រភេទហើយ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃ។ ក្នុងនោះ វ៉ាក់សាំងស៉ីណូហ្វាម ដែលជាអំណោយមហាមិត្តចិន មានចំនួន ១លាន ៣សែនដូស។

ក្រៅពីនេះ វ៉ាក់សាំងអាស្ត្រាហ្សេណេកា ដែលកម្ពុជាទទួលបានពីអង្គការសុខភាពពិភពលោក តាមរយៈយន្តការកូវ៉ាក់ចំនួន កាលពីដើមខែមីនា ឆ្នាំ២០២១ ក្នុងដំណាក់កាលដំបូងចំនួន ៣២៤,០០០ដូស។ ហើយវ៉ាក់សាំងស៉ីណូវ៉ាក់របស់ចិន ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញ ចំនួន ១លាន៥សែនដូស ក៏បានមកដល់នៅថ្ងៃទី២៦ ខែមីនាផងដែរ។

គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់ប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងត្រៀមបម្រុងវ៉ាក់សាំងចំនួន ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ១០លាននាក់ ដោយមិនគិតថ្លៃ។ ក្នុងចំណោមវ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅក្នុងផែនការរបស់កម្ពុជាទាំង ២០លានដូសនេះ និងមានជំនួយ ១១លានដូស ៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner