ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសបញ្ជាក់អំពីករណីអ្នកជំងឺកូវីដ១៩ ស្លាប់ចំនួន២នាក់ កាលពីថ្ងៃទី០១ មេសា ម្សិលមិញ

អត្ថបទដោយ៖
ជា សេឌី

ក្រសួងសុខាភិបាល នៅព្រលប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់ពីការស្លាប់អ្នកជំងឺកូវីដ១៩ ចំនួនពីរនាក់ទៀត។ ក្នុងនោះម្នាក់ស្លាប់ដោយសារជំងឺកូវីដ១៩ និងម្នាក់ទៀតស្លាប់ដោយសារការស្ទះសរសៃឈាម។

ក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងបានបញ្ជាក់ថា អ្នកជំងឺដែលស្លាប់ដោយសារអាការៈរោគនៃជំងឺកូវីដ១៩ ជាស្ត្រីជនជាតិខ្មែរ អាយុ ៦១ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ។ ស្ត្រីរូបនេះ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២២៖៣០នាទី។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ស្ត្រីរូបនេះ បានយកសំណាកនៅមន្ទីរពេទ្យ ខេមាអន្តរជាតិ បឹងកេងកង១ និងទទួលបានលទ្ធផលថា មានវិជ្ជមានវីរុសកូវីដ១៩ ដោយមន្ទីរពិសោធន៍សុខភាពសាធារណៈ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានបញ្ជូនទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ «ហ្លួងម៉ែ» នៅថ្ងៃដដែល។

អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរតាំងពីថ្ងៃចូលសម្រាកដំបូង ក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះ តាមបច្ចេកទេស។ តែដោយអ្នកជំងឺមានសភាពកាន់តែធ្ងន់ធ្ងរឡើង តម្រូវឱ្យគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមដើម្បីជួយសង្គ្រោះ ប៉ុន្តែមិនអាចជួយសង្គ្រោះបាន អ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០១ ខែមេសា វេលាម៉ោង ២២៖៣០នាទីយប់។

ជាការសន្និដ្ឋានរបស់គ្រូពេទ្យជំនាញ អ្នកជំងឺរូបនេះ បានស្លាប់ដោយសារវិបត្តិផ្លូវដង្ហើធ្ងន់ធ្ងរ និងរលាកសួតសងខាងធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ១៩។

ដោយឡែកអ្នកជំងឺកូវីដ១៩ ដែលបានស្លាប់ដោយសារការស្ទះសរសៃឈាមបេះដូង គឺជាជនជាតិខ្មែរអាយុ ៥៩ឆ្នាំ មានលំនៅឋានក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ អ្នកជំងឺរូបនេះ បានស្លាប់នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១២៖០០នាទីថ្ងៃត្រង់ នៅគេហដ្ឋាន។

សេចក្តីប្រកាសបានបញ្ជាក់ថា ស្ត្រីរូបនេះ ជាអ្នកធ្វើចត្តាឡីស័កនៅផ្ទះផ្ទាល់ខ្លួន តាំងពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។ អ្នកជំងឺមានជំងឺលើសសម្ពាធឈាមប្រចាំប្រចាំកាយ កំពុងប្រើប្រាស់ថ្នាំជាប្រចាំ។ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១៖៣០នាទីថ្ងៃ ពេលកំពុងពិសារបាយ ស្រាប់តែសន្លប់បាត់បង់ស្មារតីភ្លាមៗ។ ក្រុមគ្រួសារ បានជួយសង្គ្រោះ ដោយធ្វើចលនាបេះដូងមួយសន្ទុះគាត់បានស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង ១២៖០០នាទីថ្ងៃត្រង់នៅគេហដ្ឋាន។

ក្រោយមរណភាពក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់បានចុះទៅយកសំណាករបស់សពភ្លាមៗ ហើយលទ្ធផលសំណាកបង្ហាញថា សពមានវិជ្ជមានជំងឺកូវីដ១៩។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបានគូសបញ្ជាក់ថា ស្ត្រីរូបនេះ បានស្លាប់ដោយសារស្ទះសរសៃឈាមបេះដូង មិនមែនស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ។

យោងតាមរបាយការណ៍ផ្លូវការរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី០២ ខែមេសារ អ្នកជំងឺកូវីដ១៩ ដែលបានស្លាប់បាត់បង់ជីវិតមានចំនួនសរុប ២២នាក់ហើយ។ ក្នុងនោះ ១៧នាក់ស្លាប់ដោយសារជំងឺកូវីដ១៩ និងអ្នកជំងឺ ៥នាក់ ស្លាប់ដោយសារអាការៈនៃជំងឺផ្សេង៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner