គ្រួសាររងគ្រោះដោយសារគ្រោះអគ្គីភ័យទទួលបានអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត!

អត្ថបទដោយ៖
Kien Sereyvuth

ព្រះវិហារ៖ ប្រជាពលរដ្ឋមួយគ្រួសារ ដែលរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះ ទទួលបានអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាស្រុក នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០នេះ ។

តាមរយៈលោកហែម ថុន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត រួមដំណើរដោយក្រុមប្រឹក្សាឃុំស្រអែម និងលោកមេភូមិធម្មជាតិ ក្នុងឱកាសចុះជួបសំណេះសំណាលសួរសុខទុក្ខ ដោយផ្ទាល់ជាមួយគ្រួសាររងគ្រោះ ឈ្មោះភៀច ធូ ភេទប្រុស អាយុ៥៦ឆ្នាំ ដែលមានសមាជិកនៅក្នុងបន្ទុកសរុបចំនួន១២នាក់ ក្នុងនោះស្រី៨នាក់ ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សម្ភារៈដែលទទួលបានរួមមាន៖ អង្ករ ១បេតូច, តង់ ចំនួន១, មី ១កេះ, ត្រីខ ១យួរ, ទឹកស៊ីអីុវ ១យួរ, ទឹកត្រី ២យួរ, ឃីត ១កញ្ចប់, អាវយ៉ឺតចំនួន៣អាវ, អាហារបំប៉ន ១កញ្ចប់ និងថវិកាមួយចំនួន។ ជាមួយគ្នានោះលោក ប្រាក់ ភី មេឃុំស្រអែម បានជួយឧបត្ថម្ភបន្ថែម អង្ករចំនួន ១បេ, ទឹកត្រី ២យួរ, និងថវិកាចំនួន១០ម៉ឺនរៀលផងដែរ ។

គួរបញ្ជាក់ថា៖ កាលពីវេលាម៉ោងប្រមាណជាងមួយ រសៀលថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០ នៅភូមិធម្មជាតិសម្តេចតេជោ មានករណីភ្លើងឆេះព្រៃមួយបានកើតឡើង បណ្តាលមកពីមនុស្សជាអ្នកដុត ស្របពេលដែលម្ចាស់ផ្ទះខាងលើ បានចេញពីផ្ទះ ទៅប្រកបការងារ ដោយបន្សល់ទុកលោកយាយចាស់ម្នាក់ និងកូនក្មេងតូចៗនៅចាំផ្ទះ។ ទើបបណ្តាលឲ្យអណ្តាតភ្លើងព្រៃឆាបឆេះរាលដល់ផ្ទះឈើមួយខ្នង មានទំហំ៥×៦ម៉ែត្រ ខ្ទេចអស់ទាំងស្រុង ព្រមជាមួយនឹងទ្រព្យសម្បត្តិសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះមួយចំនួន។ តែសំណាងល្អ នៅក្នុងគ្រោះអគ្គីភ័យខាងលើនេះ មិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះឡើយ៕ សួន លីណា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner