កុមារាអាយុ៦ឆ្នាំ កើតជំងឺកូវីដ១៩ បានជាវិញហើយ
ភ្នំពេញ៖ កុមារាអាយុ ៦ឆ្នាំម្នាក់ ដែលកើតជំងឺកូវីដ១៩ ហើយនាំឲ្យផ្ទុះនូវការរំជួលចិត្តអាណិតអាសូរលើរូបគេនោះ ពេលនេះបានព្យាបាលជា និងអនុញ្ញាតឱ្យចេញពីកន្លែងព្យាបាលនៅសណ្ឋាគារ Great Duke វិញហើយ។ ម្តាយរបស់កុមាររូបនេះ ក៏បានជាពីជំងឺកូវីដ-១៩ និងអនុញ្ញាតឱ្យចេញពីពេទ្យជាមួយគ្នាផងដែរ។ សាច់ញាតិរបស់កុមារារូបនេះ ប្រាប់ថា ស្ត្រីជាម្តាយ និងកុមារារូបនេះ បានទៅដល់ផ្ទះស្ថិតនៅខណ្ឌឫស្សីកែវ នៅយប់ថ្ងៃនេះ។
យោងតាមលិខិតអនុញ្ញាតរបស់គ្រូពេទ្យ បានបញ្ជាក់ថា ស្ត្រីជាម្តាយ និងកុមារាអាយុ ៦ឆ្នាំ ត្រូវបានតេស្តអវិជ្ជមានចំនួន២ដង នៅវិទ្យាស្ថានប៉ាស្ទ័រ។ បើទោះបីជាយ៉ាងណា ពួកគេតម្រូវឱ្យធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃទៀត ដើម្បីតាមដានសុខភាព។
សូមបញ្ជាក់ថា កុមារាអាយុ ៦ឆ្នាំខាងលើនេះ ត្រូវបានរកឃើញថា កើតជំងឺកូវីដ១៩ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ រូបភាពក្រុមគ្រូពេទ្យចុះយកកុមាររូបនេះទៅព្យាបាល និងសកម្មភាពកុមារកាន់សម្ភារផ្សេងៗដើរឡើងរថយន្តពេទ្យនាពេលនោះ បានធ្វើឱ្យផ្ទុះនូវការអាណិតអាសូរជាខ្លាំងពីមហាជនលើបណ្តាញសង្គម៕