ប្រមុខរាជរដ្ឋាភិបាល៖ កម្ពុជានឹងទទួលបានភ្ញៀវក្នុងស្រុក ១១លាននាក់ នៅឆ្នាំ២០២៣ និងភ្ញៀវអន្តរជាតិ ៧លាននាក់ នៅឆ្នាំ២០២៥
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការរំពឹងទុកថា តាមរយៈការដាក់ចេញ «ផែនទីចង្អុលផ្លូវ (Roadmap) ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩» ដែលសម្ដេចបានអនុម័តរួចហើយនោះ វិស័យទេសចរណ៍កម្ពុជា នឹងងើបឡើងវិញ ជាមួយនឹងការទទួលបានភ្ញៀវទេសចរក្នុងស្រុកប្រមាណ ១១ លាននាក់ នៅឆ្នាំ២០២៣ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧ លាននាក់ នៅឆ្នាំ២០២៥។
គួរជម្រាបថា នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ថ្មីៗកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុម័តរួចរាល់លើផែនទីចង្អុលផ្លូវ (Roadmap) ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។ ជាមួយនឹងការអនុម័តលើផែនទីចង្អុលផ្លូវដ៏សំខាន់មួយនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានចេញបង្ហាញនូវលិខិតអារម្ភកថាដ៏ពិសេសមួយទៀត ជុំវិញការគាំទ្រផែនទីចង្អុលផ្លូវ (Roadmap) នេះ។
នៅក្នុងលិខិតអារម្ភកថានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ផែនទីចង្អុលផ្លូវនេះ បានបង្ហាញនូវចក្ខុវិស័យច្បាស់លាស់សម្រាប់ការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្រោយជំងឺកូវីដ-១៩ ដោយបានបង្ហាញថា កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧ លាននាក់ យ៉ាងយូរនៅឆ្នាំ២០២៥ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណ ១១ លាននាក់ នៅឆ្នាំ២០២៣ ឡើងវិញ»។
ក្នុងន័យនេះ វិស័យទេសចរណ៍កម្ពុជាត្រៀមនឹងងើបឡើងវិញអាចក្រោមទម្រង់ជាអក្សរ U សម្រាប់ទេសចរណ៍អន្តរជាតិ និងទម្រង់អក្សរ V សម្រាប់ទេសចរណ៍ក្នុងស្រុក។
ក្នុងសារលិខិតដដែលនេះបានបញ្ជាក់ទៀតថា ជំងឺកូវីដ-១៩ បានបង្កឱ្យមានវិបត្តិដែលមិនធ្លាប់កើតមានឡើង និងបានផ្តល់ការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់កម្ពុជា តំបន់ និងសកលលោក។ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ បាននាំឱ្យភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាធ្លាក់ចុះ ៨០.២% និងភ្ញៀវទេសចរក្នុងស្រុកធ្លាក់ចុះក្នុងរង្វង់ប្រមាណ ២០% ជាមួយនឹងការខាតបង់ប្រាក់ចំណូលប្រមាណ ៣ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២០។
រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញផែនទីចង្អុលផ្លូវស្ដីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដោយបែងចែកជា ៣ ដំណាក់កាល៖
- ទី១៖ ដំណាក់កាលទី១ (Resilience & Restart)
សំដៅការគ្រប់គ្រងវិបត្តិក្នុងដំណាក់កាលទម្លាប់ថ្មី និងរៀបចំផែនការសម្រាប់ការស្តារទេសចរណ៍ឡើងវិញ (២០២០-២០២១) ពីព្រោះថា វិបត្តិនេះបានផ្តល់នូវឱកាសឱ្យកម្ពុជាពិចារណាឡើងវិញ នូវប្រព័ន្ធសម្រាប់ផ្តល់ឱ្យវិស័យទេសចរណ៍កម្ពុជាកាន់តែឱ្យមានភាពធន់ និងប្រកបដោយនិរន្តរភាពសម្រាប់អនាគត។ ក្នុងដំណាក់កាលនេះ កម្ពុជាត្រូវរួមគ្នាកាត់បន្ថយផលប៉ះពាល់នៃជំងឺឆ្លងកូវីដ-១៩ ឱ្យបានជាអតិបរមា។
ជាក់ស្ដែង រាជរដ្ឋាភិបាលកម្ពុជាក្រោមកិច្ចសហការជាមួយវិស័យឯកជន បានដាក់ចេញវិធានការជាច្រើនសំដៅ ធ្វើយ៉ាងណាឱ្យអាជីវកម្មនៅរស់រាន និងអាចរក្សាការងារក្នុងវិស័យទេសចរណ៍ឱ្យមានភាពធន់ ហើយស្ដែងចេញតាមរយៈការអន្ដរាគមន៍របស់រាជរដ្ឋាភិបាលជាបន្ដបន្ទាប់ចំនួន ៧ ជុំរួចហើយ និងការជំរុញចលនាទេសចរណ៍ក្នុងស្រុក អមជាមួយការដាក់ចេញនូវ «វិធានសុវត្ថិភាពទេសចរណ៍»។
ក្នុងដំណាក់កាលនេះ ភាពជាដៃគូរដ្ឋ-ឯកជនដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមដល់យុទ្ធនាការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពិសេសត្រូវផ្ដល់សេវាកម្មប្រកបដោយសុវត្ថិភាព ជាមូលដ្ឋានគ្រឹះនៃការស្ដារវិស័យទេសចរណ៍ ពីព្រោះថា ការបង្កើននូវភាពជឿទុកចិត្ត និងភាពជឿជាក់លើគ្រប់ខ្សែចង្វាក់នៃផលិតកម្មក្នុងវិស័យទេសចរណ៍ គឺជាចំណុចគន្លឹះអាទិភាពសម្រាប់ការទាក់ទាញទេសចរណ៍។
ភាពជឿជាក់ និងភាពទុកចិត្តត្រូវគិតពីដើមខ្សែដល់ចុងខ្សែ គិតចាប់ពីច្រកទ្វារអន្តរជាតិនៃប្រទេសដែលភ្ញៀវទេសចរបានចាកចេញរហូតដល់ច្រកទ្វារអន្តរជាតិនៅប្រទេសកម្ពុជា និងបន្តដល់សេវាកម្មស្នាក់នៅ ហូបចុក ធ្វើដំណើរ សកម្មភាពកម្សាន្តនានា រហូតដល់ការត្រឡប់ទៅប្រទេសខ្លួនវិញប្រកបដោយភាពកក់ក្ដៅ។
ក្នុងន័យនេះ គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងវិស័យទេសចរណ៍ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានសុវត្ថិភាពទេសចរណ៍ និងវិធានសុខាភិបាលព្រោះថា «អ្វីៗនឹងមិនត្រឡប់ទៅរកសភាពដើមវិញទេ ដូចនេះយើងត្រូវចេះសម្របខ្លួនរៀនរស់ក្នុងសភាពថ្មីមួយ ពោលគឺត្រូវចេះរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន និងមានការប្រយ័ត្នប្រយែង កុំធ្វេសប្រហែសឱ្យសោះ»។
ទន្ទឹមនឹងនេះ ដើម្បីត្រៀមការស្តារឡើងវិញវិស័យទេសចរណ៍ រាជរដ្ឋាភិបាលបានសម្រេចវិនិយោគសាធារណៈ ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅប៉ូលទេសចរណ៍អាទិភាព រួមមាន ផ្លូវ ៣៤ ខ្សែនៅក្រុងព្រះសីហនុ និងគម្រោងផ្លូវ ៣៨ ខ្សែនៅក្រុងសៀមរាប ដែលនឹងផ្ដល់ផ្លែផ្កាដល់ការលើកកម្ពស់ភាពទាក់ទាញទេសចរណ៍ ចាប់ពីចុងឆ្នាំ២០២១ ជាពុំខាន។
- ទី២៖ ដំណាក់កាលទី២ (Recovery)
ដើម្បីស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ (ឆ្នាំ២០២២-២០២៣) និងកាត់បន្ថយផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ ឱ្យបានជាអតិបរមា រាជរដ្ឋាភិបាលនឹងបន្តផ្ដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ជំនាញឌីជីថល និងជំនាញថ្មីៗឱ្យស្របតាមតម្រូវការទីផ្សារក្រោយវិបត្តិជំងឺកូវីដ-១៩ និងការខិតខំលើកកម្ពស់កិត្យានុភាពកម្ពុជាជា គោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ក្រោយវិបត្តិជំងឺកូវីដ-១៩។
ក្នុងដំណាក់កាលនេះ ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជាក្នុងតំបន់ និងសកលលោក រាជរដ្ឋាភិបាលក៏នឹងបង្កើតកញ្ចប់មូលនិធិលើកស្ទួយ ដើម្បីគាំទ្រលើគម្រោងអាទិភាព ដូចជា ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ការពង្រឹងគុណភាពទេសចរណ៍ ការបង្កើតឱ្យមានសាលាជាតិវិជ្ជាជីវៈទេសចរណ៍ នៅតាមប៉ូលទេសចរណ៍អាទិភាព ការលើកទឹកចិត្តដល់គំរូអាជីវកម្មទេសចរណ៍ថ្មីៗដែលមានភាពច្នៃប្រឌិត និងនវានុវត្តន៍ ការលើកកម្ពស់ធុរកិច្ចថ្មីៗ ក្នុងវិស័យទេសចរណ៍ ការចាប់យកបច្ចេកវិទ្យាឌីជីថល ការលើកកម្ពស់សមត្ថភាពទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយទេសចរណ៍។ល។
- ទី៣៖ ដំណាក់កាលទី៣ (Relaunch)
ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មី (ឆ្នាំ២០២៤-២០២៥) នៃវិស័យទេសចរណ៍កម្ពុជា សំដៅទាញយកផលប្រយោជន៍ពីការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យបានជាអតិបរមា ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ឱ្យបានលើសមុនពេលវិបត្តិ ដោយចាប់យកឱកាសនៃវិបត្តិជំងឺកូវីដ-១៩ កសាងអនាគតនៃវិស័យទេសចរណ៍កម្ពុជាឱ្យមាននិរន្តភាព គុណភាព និងឆ្លាតវៃ៕