អាជ្ញាធរខេត្តខេត្តសៀមរាប ចុះពិនិត្យនៅតាមគោលដៅបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ (Sinovac)
រដ្ឋបាលខេត្តសៀមរាប បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ (Sinovac) ក្នុងគោលការណ៍ ស្ម័គ្រចិត្ត ជូនដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។ នៅរសៀលថ្ងៃទី០២ ខែមេសា ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្ត បានចុះត្រួតពិនិត្យមើលសកម្មភាពការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ (Sinovac) នៅស្រុកអង្គរធំ ស្រុកបន្ទាយស្រី និង ស្រុកវ៉ារិន ខេត្តសៀមរាប ។
ក្នុងឱកាសដឹកនាំក្រុមការងារនិងមន្ដ្រីជំនាញ ចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំង នៅតាមទីតាំងទាំង៣ស្រុក ឯកឧត្តម ង៉ាន់ ភិរុណ បានបញ្ជាក់ថា យុទ្ធនាចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ប្រភេទ Sinovac បានចាក់ជូនដល់មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ក្នុងនោះមាននៅ មណ្ឌលសុខភាពអង្គរធំ ស្រុកអង្គរធំ មណ្ឌលសុខភាពបន្ទាយស្រី ស្រុកបន្ទាយស្រី និងមណ្ឌលសុខភាពស្រែណូយ ស្រុកវ៉ារិន ដែលមានក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងថ្នាក់ខេត្ត និងស្រុក ។ ឯកឧត្តម ង៉ាន់ ភិរុណ បានបន្តទៀតថា ទាំងនេះគឺជាការយកចិត្តទុកដាក់ដ៏ធំធេង ចំពោះសុខភាពអាយុជីវិតរបស់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋ មន្ត្រីរាជការ មន្ទីរអង្គភាព អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ របស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានទិញខ្លះ និងជំនួយខ្លះ នូវវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដើម្បីចាក់ជូនដល់បងប្អូនទាំងអស់ ក្នុងការបង្ការទប់ស្កាត់កុំឲ្យមានការឆ្លងរីករាលដាលនៃជម្ងឺ កូវីដ១៩ មកខ្លួនយើង ក៏ដូចជានៅក្នុងសហគមន៍នោះ ។
សូមជម្រាបថា វ៉ាក់សាំងស៊ីណូវ៉ាក់នេះ ចាក់បានចាប់ពីមនុស្សអាយុ១៨ឆ្នាំឡើងទៅ ហើយយុទ្ធនាការចាក់ថ្នាំបង្ការជម្ងឺកូវីដ១៩ប្រភេទ Sinovac ដែលបានប្រព្រឹត្តិទៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្រោមការគិតគូរនិងដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីរក្សាថែសុខុមាលភាពរបស់ប្រជាជនកម្ពុជា ។
តាមការបញ្ជាក់របស់លោកអភិបាលស្រុកអង្គរធំ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ (Sinovac) ដែលមានមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងលោកគ្រូ អ្នកគ្រូ ដែលបានចុះឈ្មោះមានចំនួន ៤៦០នាក់ នៅស្រុកបន្ទាយស្រី មាន១ពាន់៥០នាក់ និងស្រុកវ៉ារិន ចំនួន ៩១៥នាក់ ៕ ម៉ី សុខារិទ្ធ