សត្វប្រើសស្បូវមួយក្បាល ត្រូវបានរំដោះចេញពីអន្ទាក់ព្រានព្រៃ
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖បន្ទាប់ពីជាប់អន្ទាក់ព្រានព្រៃច្រើនថ្ងៃសត្វប្រើសស្បូវមួយក្បាលត្រូវបានក្រុមអ្នកសង្រ្គោះជួយឱ្យវារួចជីវិត ដោយអាចជួយឱ្យវាអាចទៅរស់នៅក្នុងព្រៃឡើងវិញ។ មន្រ្តីក្រសួងបរិស្ថានបានឱ្យដឹងថាសត្វប្រើសស្បូវមួយក្បាលនេះវាបានជាប់អន្ទាក់ព្រានព្រៃច្រើនថ្ងៃមកហើយ មុនពេលក្រុមការងារសង្រ្គោះសត្វព្រៃប្រចាំនៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី បានចូលទៅជួយសង្រ្គោះ។
ក្នុងការជួយសង្រ្គោះក្រុមមន្រ្តីបានយកកំបិតកាត់ផ្តាច់ខ្សែអន្ទាក់ដោយមិនបានចូលជិតវាឡើយដើម្បីកុំឱ្យវាផ្អើល រហូតជួយសង្រ្គោះវាបានយ៉ាងជោគជ័យ។
មន្រ្តីបានឱ្យដឹងថាបើគេសង្កេតមើលសភាពរបស់សត្វប្រើសស្បូវមួយក្បាលនេះក្រោយជាប់អន្ទាក់ច្រើនថ្ងៃគេឃើញសភាពរាងកាយរបស់វារងរបួសធ្ងន់ធ្ងរ។
អន្ទាក់គឺជាឃាតកលាក់មុខសម្លាប់សត្វព្រៃកម្ពុជា។ យោងតាម ទិន្នន័យស្រាវជ្រាវ នៅក្នុងតំបន់ការពារធម្មជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានប៉ាន់ស្មានថាមានអន្ទាក់ប្រមាណ ១២លាន ដែលបានដាក់នៅរាយប៉ាយ ហើយក្នុងនោះប្រទេសវៀតណាមត្រូវបានដឹងថា ក្នុងផ្ទៃដីមួយម៉ែត្រការ៉េមានចំនួនអន្ទាក់ច្រើនជាងគេ។
អន្ទាក់បាននិងកំពុងបង្កឱ្យសត្វគ្រប់ប្រភេទរងគ្រោះជារៀងរាល់ថ្ងៃ។ នៅកម្ពុជា ក្នុងមួយឆ្នាំៗ អន្ទាក់ប្រមាណជា ៥ម៉ឺនត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ និងត្រូវបានកម្ទេចចោល ហើយបានសង្គ្រោះសត្វព្រៃជាច្រើនក្បាល។ មន្រ្តីក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមទាំងអស់គ្នាដើម្បីបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃ ដែលសុទ្ធសឹងអាចបង្កហានិភ័យខ្ពស់ដល់សុខភាពមនុស្ស ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិរបស់កម្ពុជាឲ្យនៅស្ថិតស្ថេរសម្រាប់អនាគតយើង និងកូនចៅយើងទាំងអស់។ បញ្ឈប់ការបរបាញ់ និងការដាក់អន្ទាក់សត្វព្រៃ ដោយមិនបរិភោគសាច់សត្វព្រៃ៕