ត្រីមាសទីមួយ ឆ្នាំ២០២១ ការនាំចេញអង្ករសម្រេចបានជាង ១៥ម៉ឺនតោន
ការនាំចេញអង្កររបស់កម្ពុជា ក្នុងរយៈពេល៣ខែ នៃត្រីមាសទីមួយ ដើមឆ្នាំ២០២១ នេះ សម្រេចបាន ១៥៣ ៦៨៨ តោន គិតជាទឹកប្រាក់មានចំនួន ១០៩.៧៣ លានដុល្លារសហរដ្ឋអាមេរិក។
ចំពោះទិសដៅទីផ្សារនៃការនាំចេញក្នុងរយៈពេលមួយត្រីមាសនេះ ចំណែកធំជាងគេគឺទៅកាន់ប្រទេសសាធារណៈរដ្ឋប្រជាមានិតចិន និងតំបន់ស្វយ័តហុងកុង និងម៉ាកាវផងដែរនោះ មានចំនួន ៨៥ ៣៧០ តោន ឬស្មើនឹង ៥៥.៥៥%។ រីឯទីផ្សារធំទី២ គឺទីផ្សារសហភាពអឺរ៉ុប ១៩ប្រទេស និងអង់គ្លេសដែលនាំចេញបានចំនួន២៥.០១% ឬស្មើនឹង ៣៨ ៤៣៩តោន ក្នុងនោះ ប្រទេសបារាំងម្នាក់ឯងមានចំនួន១៦ ០៦៦ តោន ឬស្មើនឹង ១០.៤៥% នៃការនាំចេញសរុប។ ទីផ្សារបន្ទាប់ គឺទីផ្សារផ្សេងៗ មានចំនួន ១១.៨៥% គិតជាបរិមាណ ១៨ ២២១ តោន ដែលរួមមាន តំបន់ទ្វីបអាហ្រ្វិក អាមេរិកខាងជើងកាណាដា មជ្ឈឹមបូព៌ា អាស៊ី-អូសេអានី (អូស្រ្តាលី និងញូហ្សេឡេន) និងអាស៊ី-អឺរ៉ុប ជាដើម។ ចុងក្រោយ គឺទីផ្សារអាស៊ាន មានម៉ាឡេស៊ី សាំងហ្កាពួរ និងហ្វីលីពីន ដែលមានចំណែក ៧.៥៩% នៃការនាំចេញសរុប គិតជាបរិមាណមានចំនួន ១១ ៦៥៨ តោន។
ទោះជាយ៉ាងនេះក្តី និន្នាការនៃការនាំចេញអង្ករក្នុងខែមីនា ឆ្នាំ២០២១ នេះ បាននិងកំពុងបន្តងើបឡើងវិញជាបណ្តើរៗ ដែលមានការកើនឡើង ៨៤.៦៦% ធៀបនឹងខែកុម្ភៈ គឺកើនពី៤១ ៩៤៩ តោន នៅខែកុម្ភៈ មក ៧៧ ៤៦៦ តោន នៅខែមីនា ខណៈដែលខែកុម្ភៈធៀបនឹងខែមករា កើនបានត្រឹមតែ២២%ប៉ុណ្ណោះ។
ត្រីមាសទី១ នៃឆ្នាំ ២០២១នេះ គឺជាឆ្នាំដែលមានការនាំចេញទាបជាងបណ្តាត្រីមាស នៃរយៈពេល៥ឆ្នាំចុងក្រោយ។ បញ្ហាចម្បងដែលជាកត្តានាំឱ្យការនាំចេញអង្ករកម្ពុជាជួបប្រទះនូវភាពយឺតយ៉ាវ ក្នុងការបញ្ជូនទំនិញទៅកាន់អ្នកបញ្ជាទិញនៅក្រៅប្រទេស ជាពិសេសទៅកាន់បណ្តាប្រទេសគោលដៅនៅក្នុងសហគមន៍អឺរ៉ុប គឺកង្វះកុងតែន័រសម្រាប់អង្ករ និងថ្លៃដឹកជញ្ជូនតាមសមុទ្រនៅតែបន្តមានតម្លៃខ្ពស់ បើប្រៀបធៀបទៅក្នុងរយៈពេលដូចគ្នា ៥ឆ្នាំចុងក្រោយ ដែលមានគម្លាតខ្ពស់ជាងរហូតដល់ជាង៥ដង។
ចំពោះ ប្រភេទអង្ករនាំចេញ ក្នុងរយៈពេលត្រីមាសទី១ ដើមឆ្នាំ២០២១នេះ ភាគច្រើនបំផុតជាអង្ករក្រអូបប្រណីត និងអង្ករក្រអូបធម្មតា ដែលមានចំណែកជាងពាក់កណ្តាលនៃការនាំចេញសរុប។ ជារួម អង្ករក្រអូបប្រណីត ប្រភេទផ្ការំដួល ផ្កាម្លិះ នាងម្លិះ សុម៉ាលី បាននាំចេញ ៣៧.៩៥% អង្ករក្រអូបធម្មតា ប្រភេទសែនក្រអូប មានចំនួន ២៨.៩៦% អង្ករស ប្រភេទសចម្រុះ សសរីរាង្គ និងសំរូបសរីរាង្គ មានចំនួន ២៨.៤៩% រីឯអង្ករដំណើប មាន ១.៨៩% ហើយចំណែកឯអង្ករចំហុយ មានចំហុយគ្រាប់វែង និងចំហុយសរីរាង្គមានចំនួន ១.៦៧% និងចុងក្រោយគឺ អង្ករក្រអូបសរីរាង្គ មាន ១.០៤%។