ពលរដ្ឋប្រទះឃើញសពក្មេងប្រុស ជា ប៊ុនហេង នៅក្នុងព្រៃត្រែង ខណ្ឌច្បារអំពៅ សង្ស័យករណីឃាតកម្ម
ភ្នំពេញ៖ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២១នេះ ថា កាលពីម្សិលមិញមានប្រជាពលរដ្ឋបានប្រទះឃើញ សពក្មេងប្រុស ជា ប៊ុនហេង អាយុ១០ឆ្នាំ នៅចំណុចក្នុងព្រៃត្រែង ភូមិបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
លោកអធិការខណ្ឌច្បារអំពៅ បានឲ្យដឹងថា មុនពេលប្រទះឃើញសពក្មេងប្រុសរូបនេះ គឺឪពុកម្តាយ បានបង្ហោះសារតាម Facebook កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និង បានដាក់ពាក្យបណ្តឹង ផងដែរ ។ លុះរំលងបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក៏ប្រទះឃើញសពតែម្តង ដោយករណីនេះសង្ស័យជាករណីឃាតកម្ម ហេីយសមត្ថកិច្ចជំនាញ កំពុងស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ ។
ដោយឡែកក្រុមគ្រួសារនៃសពវិញ បានសំណូមពរឲ្យសមត្ថកិច្ច វែកមុខឃាតករ យកមកផ្តន្ទាទោស តាមផ្លូវច្បាប់ឲ្យខានតែបាន ៕ ដោយ៖ ភារ៉ា និងប៊ុនធី