ក្រោយពីការស្តារនូវប្រឡាយអូរតាគីរួចរាល់ស្ថាពរ ប្រជាពលរដ្ឋរស់នៅជាប់តំបន់នេះនិងកែប្រែនូវជីវភាពប្រចាំថ្ងៃបានប្រសើរមួយកម្រឹត តាមរយៈការដាំដុះដំណាំកសិកម្មចម្រុះ នៅទីនោះ
បន្ទាប់ពីការចុះពិនិត្យមើលការអនុវត្តគម្រោងស្នើសុំការស្តារប្រឡាយអូរតាគី ដែលជា “អូរ”ប្រវត្តិសាស្ត្រក្នុងស្រុកថ្មគោល នៃ ខេត្តបាត់ដំបង ដែលស្នើសុំដោយអាជ្ញាធរស្រុក ក្នុងការស្តារ និងកាយដីគោករាក់បាតប្រឡាយអូរ តាមរយៈគម្រោងប្លង់មេជាក់លាក់និងអនុញ្ញាតពីអាជ្ញាធរខេត្ត ជាពិសេសជាមួយស្ថាប័នមន្ទីរជំនាញពាក់ព័ន្ធនៅក្នុងខេត្តផងនោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានថ្លែងថា៖ក្រោយពីការស្តារក្នុងបាតប្រឡាយអូរតាគី ដែលអ្នកស្រុកក្នុងខេត្តបានចាត់ទុកថាជា”អូរឬប្រឡាយ” ប្រវត្តិសាស្ត្រតាំងពីបុរាណ រួចរាល់ជាស្ថាពរហើយនោះ បងប្អូនដែលរស់នៅជុំវិញក្នុងតំបន់មួយនេះអាចនិងកែប្រែនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន បានកាន់តែល្អប្រសើរឡើង ថែមមួយកម្រិតទៀត។
ការលើកឡើងនេះ ក្នុងខណៈដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្ត ជាពិសេស ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត និងបណ្តាមន្ទីរជំនាញមួយចំនួនព្រមទាំងអាជ្ញាធរមូលដ្ឋានផ្ទាល់ផងនោះបានចុះត្រួតពិនិត្យមើលពីស្ថានភាពក្នុងការស្តារយកដីបាតប្រឡាយអូរនៃប្រឡាយ”អូរតាគី” ដើម្បីធ្វើឲ្យផ្ទៃបាតប្រឡាយអាចរក្សានិងតម្កល់ស្តុកទឹក ដើម្បីជាប្រយោជន៍ក្នុងការរក្សាបាន “ធារទឹក”និងស្ទាក់ទឹកទុកប្រើប្រាស់ទាំងក្នុងរដូវវស្សានិងរដូវប្រាំង។ដើម្បីបម្រើដល់ការស្រោចស្រពនូវដំណាំដាំដុះកសិកម្មចម្រុះគ្រប់ប្រភេទ របស់ប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញក្បែរៗនេះ។ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានលើកឡើងទៀតថា៖អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ នៅតាមបណ្ពាអូរប្រឡាយមួយចំនួនក្នុងខេត្តបាត់ដំបង ភាគច្រើនពុំទាន់បានធ្វើការស្តារឡើងវិញពីការគោករាក់នូវបាតអូរ ឬ ប្រឡាយទាំងនោះឲ្យបានប្រសើរឡើងវិញនៅឡើយទេ។ការស្តារប្រឡាយ”អូរតាគី”ថ្ងៃនេះ ក៏ជាប្រវត្តិសាស្ត្រសម្រាប់អ្នកស្រុកថ្មគោលផងដែរ។
តាមការគូសបញ្ជាក់ពីលោក ជា សម្បត្តិ អភិបាលស្រុកថ្មគោល ខេត្តបាត់ដំបង បានរៀបរាប់ឲ្យដឹងថា៖ កន្លងមកដោយមានសំណូមពរពីប្រជាពលរដ្ឋក្នុងអង្គវេទិការសាធារណៈ និងការចុះសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្ត្រជាក់ស្តែងនៅទីនេះរដ្ឋបាលស្រុក បានស្នើសុំគោលការពីអាជ្ញាធរខេត្ត ពីមន្ទីរជំនាញពាក់ព័ន្ធដើម្បីធ្វើការស្តារនូវប្រឡាយ(អូរតាគី) នេះ ដែលជាតម្រូវការចាំបាច់ ចំពោះមុខរបស់ប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញនេះក្នុងការធានានូវការរក្សានិងស្ទាក់ស្តុកទឹកទុកសម្រាប់ប្រើប្រាស់ទាំងរដូវវស្សានិងរដូវប្រាំង។លោកក៏បានសង្កត់ធ្ងន់បន្ថែមថាការស្តារនូវប្រឡាយអូរតាគីនេះ វានិងបញ្ចៀសបានពីការជន់លិចពីជំនន់ទឹកភ្លៀងនៅក្នុងរដូវវស្សាបានមួយកម្រិតផងដែរ។
បើតាមការអះអាងបញ្ជាក់ពីគម្រោងស្តារនូវប្រព័ន្ធប្រឡាយនានាក្នុងភូមិសាស្ត្ររបស់ស្រុកកន្លងមកក្នុងនោះរដ្ឋបាលស្រុកបានអនុវត្តជាបន្តបន្ទាប់រួចមកហើយដើម្បីទាញយកប្រភពទឹកសម្រាប់ការស្រោចស្រពក្នុងរដូវវស្សានិងរដូវប្រាំង និងដើម្បីបញ្ចៀសពីការជន់លិចដោយជំនន់ទឹកភ្លៀង ដូចជា៖ប្រឡាយក្នុងទីប្រជុំជនស្រុក, ប្រឡាយអូរសង្កែ ប្រវែង១.៦០០ម៉ែត្រ, ប្រឡាយត្រស់ និងពីប្រឡាយអូរតាគី ទៅអាងត្រស់ ជាដើម…។ លោកអភិបាលស្រុកថ្មគោល ក៏បានឲ្យដឹងទៀតថា៖ តាមរយៈការស្តារប្រព័ន្ធប្រឡាយស្រោចស្រពសំខាន់ៗ នៅក្នុងស្រុករបស់ខ្លួន ក្នុងនោះស្រុកទទួលបានថវិកាពីដៃគូនៃគម្រោងបម្រែបម្រួលអាកាសធាតុ Aspire ចំនួន ៧៥.០០០ដុល្លារអាមេរិកនិងមានការឯកភាពពីដៃគូអភិវឌ្ឍន៍ក្នុងនោះស្រុកបានរៀបចំកសាងនូវទំនប់ទឹកបង្ហៀរមួយកន្លែង ស្ថិតនៅចំណុចស្តី ក្នុងភូមិត្រស់ ដើម្បីតម្កល់រក្សាទឹកក្នុងការស្រោចស្រពនិងប្រើប្រាស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាកសិករនៅទីនោះ។
លោក ជា សម្បត្តិ អភិបាលស្រុកថ្មគោល ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ទៀតថា ការស្តារនូវប្រឡាយអូរតាគី ស្ថិតនៅក្មុងភូមិ-ឃុំអូរតាគីចាប់ពីផ្លូវជាតិលេខ៥(ជាប់ផ្លូវរថភ្លើង) ទៅទល់និង អាងម៉ាឈិត ក្នុងឃុំជ្រៃ ដែលមានប្រវែង២.៧០០ម៉ែត្រ។តែជំហានដំបូងនេះ គឺប្រវែងប្រមាណ ៥៣០ម៉ែត្រដើម្បីកែលម្អការស្តារកាយដីបាតប្រឡាយអូរ និងផ្ទៃដីមាត់អូរប្រវែង១០០ទៅជាង១០០ម៉ែត្រ តាមទំហំដីនិងស្ថានភាពដីជាក់ស្តែង ដោយមានជម្រៅប្រមាណពី០៣-០៦ម៉ែត្រនិងធ្វើជម្រាលមាត់អូរជាពីរថ្នាក់ដើម្បីការពារពីការរអិលបាក់ដីមាត់ច្រាំងអូរ ហើយអាចម៍ដីដែលស្តារអូរនេះគឺយកមកធ្វើជាផ្លូវសងខាងមាត់ប្រឡាយ ដើម្បីឲ្យបងប្អូនប្រជាកសិករ បានដឹកកសិផលនិងធ្វើដំណើរចេញចូល បានស្រួលផងដែរ។
លោកអភិបាលស្រុកបានបញ្ជាក់ទៀតថា គម្រោងការស្តារនូវប្រឡាយអូរតាគីនេះ គឺធ្វើទាំងសងខាងផ្លូវតាមជំហានផែនការគ្រោងទុកក្នុងគោលបំណងផ្តោតសំខាន់ទប់ស្កាត់ពីការរំលោភបំពានដីរដ្ឋ ការស្តារបាតប្រឡាយអូរដែលវាគោករាក់យូរអង្វែងមកហើយនិងស្ទាក់ស្តុកទឹកទុកប្រើប្រាស់ក្នុងការស្រោចស្រព។ប្រឡាយអូរ(អូរតាគី)នេះ ក៏អាចរក្សានូវ”ធារទឹក”ក្នុងប្រឡាយបានច្រើន ដើម្បីធានាដល់ការប្រើប្រាស់ ទាំងក្នុងរដូវវស្សានិងរដូវប្រាំង។ ហើយថែមទាំងជួយរំដោះទឹកដែលធ្លាប់តែជន់លិចបំផ្លាញផលដំណាំស្រូវកន្លងមក និងបញ្ចៀសការហូរចេញតាមប្រឡាយអូរតាគីនេះ ចុះទៅតំបន់វាលទំនាបទន្លេសាប បានទាន់ពេលវេលាទៀតផង។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បាត់ដំបង បានផ្តោតការវាយតម្លៃនិងការរំពឹងទុកថា៖ការស្តារប្រឡាយអូរតាគី នេះគឺជាប្រវត្តិសាស្ត្រសម្រាប់អ្នកស្រុកថ្មគោល ដែលយូរឆ្នាំកន្លងមកពុំដែលបានធ្វើការស្តារប្រឡាយនេះឡើយ។នៅពេលខែវស្សាទឹកប៉ាចហាចលិចវាល។តែរដូវប្រាំងវិញបាតប្រឡាយអូរ គោករាក់បាតប្រឡាយស្មើនិងមាត់អូរនេះ។
ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ទៀតថា៖ក្រោយពីការស្តារប្រឡាយអូរតាគីនេះរួចរាល់ប្រឡាយនេះនឹងប្រែក្លាយជាអាងស្តុកទឹកមួយដ៏ធំសម្រាប់រក្សាទឹកទុក ជូនបងប្អូនប្រជាកសិករ ប្រេីប្រាស់ ក្នុងការបង្កបង្កេីនផល ។ហើយវាក៏ជាប្រឡាយមេក្នុងការរំដោះទឹកនៅពេលមានជំនន់ទឹកភ្លៀងផងដែរ។មួយផ្នែកទៀតក៏ជួយទប់ស្កាត់ពីការរំលោភបំពានពីជនខិលខូចដែលចង់យកដីប្រឡាយធ្វេីជាកម្មសិទ្ធិ។ហើយអ្វីដែលសក្តានុពលដ៏មានសារៈសំខាន់និងអត្ថប្រយោជន៍រំពឹងទុកនោះ គឺភូមិសាស្ត្រមួយនេះ និងមានអំណោយផលល្អ ទាំងការដាំដុះដំណាំកសិកម្មចម្រុះនិងធ្វើស្រែ-ចម្ការ ហើយក៏អាចក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល ទៅថ្ងៃអនាគតផងដែរ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )