អជ្ញារធររាជធានីភ្នំពេញចុះបាញ់ថ្នាំសម្លាប់មេរោគ និងបាញ់ទឹកសាប៊ូលាងសម្អាត ក្នុងនិងក្រៅផ្សារអូរឬស្សី ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាឱ្យគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា និងក្រុមការងារ បានចុះបាញ់ថ្នាំសម្លាប់មេរោគ និងបាញ់ទឹកសាប៊ូលាងសម្អាតនៅក្នុងនិងជុំវិញផ្សារអូរឬស្សី ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ។ ផ្សារអូឬស្សីត្រូវបានអាជ្ញាធររាជធានីភ្នំពេញសម្រេចឲ្យបិទការធ្វើអាជីវកម្ម ជាបណ្ដោះអាសន្នក្នុងរយៈពេល១៤ថ្ងៃ ក្រោយពីមានជីវករនិងក្រុមសន្តិសុខផ្សារបានកើតជម្ងឺកូវីដ-១៩នោះ នៅព្រឹកថ្ងៃទី០៤ ខែមេសាឆ្នាំ២០២១នេះ។

អភិបាលរាជធានីបញ្ជាឱ្យក្រុមការងារ ចុះបាញ់ថ្នាំសម្លាប់មេរោគ និងបាញ់ទឹកសាប៊ូលាងសម្អាត ក្នុងនិងក្រៅផ្សារអូរឬស្សី ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩លោក ហ៊ត វ៉ាន់ធី ប្រធានផ្សារអូរឫស្សី បានប្រាប់ឳ្យដឹងនៅព្រឹកថ្ងៃទី៤ខែមេសាឆ្នាំ២០២១ នេះថាការសម្អាត បរិស្ថាននិងការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណផ្សារខាងលើនេះធ្វើឡើងទៅតាមការណែនាំ របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្រោយពីបងប្អូនអាជីវករនិងសន្តិសុខផ្សារបានឆ្លងនូវជំងឺកូវីដ-១៩រួចហើយ ។
លោក ហ៊ត វ៉ាន់ធី បន្តថា ចំពោះការងារនេះ យើងបានប្រើប្រាស់កម្លាំងជួយពីខាងក្រៅផងសរុបទាំងអស់ចំនួន៨០នាក់ ដោយលាងសំអាត និងបាញ់ថ្នាំសម្លាប់មេរោគគ្រប់ជាន់នៃតួផ្សារនិងបរិវេណជុំវិញផ្សារផងដែរ។
លោកក៏បានបញ្ជាក់ផងដែរ ចំពោះសម្ភារៈ និងឥវ៉ាន់គ្រប់ប្រភេទរបស់បងប្អូនអាជីវករ ដែលបានរក្សាទុកក្នុងតូបនីមួយៗ យើងជាអ្នកធានារ៉ាប់រងទាំងស្រុង ដោយយើងបានដាក់កម្លាំងការពារសន្តិសុខ សុវត្ថិភាព ២៤ម៉ោងលើ២៤ម៉ោងមិនឱ្យមានការបាត់បង់ ឡើយ។ ដោយឡែក ចំពោះផលិតផលដែលអាចខូចគុណភាព ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ជាដើមនោះ យើងអាចអោយពួកគាត់យកទៅរក្សាទុកនៅផ្ទះបាន។
បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករ និងកម្លាំងសន្តិសុខមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី មួយចំនួន បានឆ្លងវីរុសកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ដែលស្ថានភាពនេះ បានរីករាលដាលជាបន្តបន្ទាប់ ច្រើនតូប និងមានទីតាំងខុសៗគ្នាក្នុងបរិវេណផ្សារ គួរឱ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់។ចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញ សូមផ្អាកដំណើរការជាបណ្តោះអាសន្នមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារ អូរឫស្សី រយៈពេលពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋ ដែលចេញ-ចូលផ្សារនេះ។
ក្នុងអំឡុងពេលនៃការផ្អាកដំណើរការជាបណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ ធានារ៉ាប់រងលើការងារ សន្តិសុខ និងសុវត្ថិភាព ចំពោះសម្ភារៈ និងឥវ៉ាន់គ្រប់ប្រភេទរបស់បងប្អូនអាជីវករ ដែលបានរក្សាទុកក្នុងតូបនីមួយៗ មិនឱ្យមានការបាត់បង់ និងមិនតម្រូវឱ្យមានការបង់ថ្លៃសេវាទៅឱ្យភាគីពាក់ព័ន្ធណាមួយឡើយ។ ដោយឡែក ចំពោះផលិតផលដែលអាចខូចគុណភាព ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ។ល។ សូមបងប្អូនអាជីវករមេត្តា ទំនាក់ទំនងជាមួយគណៈកម្មការផ្សារ ដើម្បីយកទៅរក្សាទុកដោយខ្លួនឯង ចៀសវាងការខូចខាតជាយថាហេតុ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner