កិច្ចប្រជុំ ស្តីពីវិធានការធានាស្ថិរភាព សន្តិសុខ​សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឳកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំប្រជុំពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិច ស្ដីពី “ វិធានការធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ “ ដោយមានការចូលរួមពីថ្នាក់អគ្គស្នងការរងទាំងអស់ ឯកឧត្តម-លោកប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ និងស្នងការនគរបាលរាជធានី-ខេត្ត។

បន្ទាប់ពីការអានខ្លឹមសារលម្អិត នៃសេចក្តីណែនាំស្តីពី វិធានការធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានដាក់ចេញនូវគោលការណ៍រួមដូចខាងក្រោម៖

ទី១-គ្រប់នាយកដ្ឋាន-អង្គភាពចំណុះ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវប្រកាសចំណុចខ្ពស់ពង្រឹងវិធានការសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ពិសេសនៅតាមគោលដៅអាទិភាព វត្តអារាម រមណីយដ្ឋាន និងទីតាំងកន្លែងកម្សាន្តសប្បាយនានា ដោយត្រូវមានផែនការចាត់តាំងអនុវត្តច្បាស់លាស់។

ទី២-គ្រប់នាយកដ្ឋាន-អង្គភាព ត្រូវមានកម្មវិធីការងារជាក់ស្ដែងដូចខាងក្រោម៖
ក.ធ្វើការប្ដូរវេនប្រចាំការ ២៤/២៤ម៉ោង ដើម្បីធានានិរន្តរភាពការងារ
ខ.ត្រូវពង្រឹងក្រុមប្រចាំបញ្ជា ទាំងនៅតាមនាយកដ្ឋាន-អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដើម្បីទទួលសំណូមពររបស់មហាជន និងត្រូវត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍ សម្ភារៈ ដើម្បីអន្តរាគមន៍ដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់សភាពការណ៍។

ទី៣-ក្រើនរំលឹកដាស់តឿនដល់គ្រប់នាយកដ្ឋាន-អង្គភាព ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ឱ្យអប់រំណែនាំមន្ត្រីក្រោមឱវាទអំពីការអនុវត្តវិធានសុខាភិបាល ពិសេសអនុសាសន៍ដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី “ ៣ការពារ ៣កុំ “ ដើម្បីថែរក្សាសុខភាពផ្ទាល់ខ្លួន ព្រមទាំងក្រុមគ្រួសារ និងត្រូវធ្វើជាគំរូដល់សាធារណជន៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner