ឯកអគ្គរដ្ឋទូតថ្មីសិង្ហបុរីប្រចាំកម្ពុជា និងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យមុខងារសាធារណៈ ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស

លោកជំទាវ ធាវ ឡេ ឈិង (TEO Lay Cheng) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជាបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ នៅទីស្ដីការក្រសួងមុខងារសាធារណៈ។

នៅក្នុងជំនួបនេះ ទាំងលោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរី និងទាំងឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានវាយតម្លៃខ្ពស់ប្រកបដោយក្ដីសោមនស្សរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការ ទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ានរវាងប្រទេសទាំងពីរ កម្ពុជា និងសិង្ហបុរី។ភាគីទាំងពីរ បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យមុខងារសាធារណៈ ជាពិសេសលើការអភិវឌ្ឍធនធានមនុស្សតាមរយៈកិច្ចព្រមព្រៀងដែលមានស្រាប់រវាងសាលាភូមិន្ទរដ្ឋបាល ជាមួយសាលាមុខងារសាធារណៈសិង្ហបុរី (Civil Service College of Singapore)។

ទន្ទឹមនឹងនោះ ផ្អែកលើសំណូមពររបស់កម្ពុជា លោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរីក៏បានសន្យានឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ ឱ្យដល់កម្រិតថ្នាក់ស្ថាប័នរដ្ឋទទួលបន្ទុកវិស័យមុខងារសាធារណៈ ជាបន្តទៅទៀត សំដៅរួមចំណែកដល់ការពង្រឹងទំនាក់ទំនងមិត្តភាពល្អប្រសើររវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner