មជ្ឈមណ្ឌលចាក់វ៉ាក់សាំងបន្ទាន់ចំនួន១៤កន្លែងនៅភ្នំពេញត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីមូលនិធិទឹកប្រាក់១លានដុល្លារ ដើម្បីប្រឆាំងកូវីដ១៩របស់ក្រុមហ៊ុន Smart Axiata

ភ្នំពេញ៖ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាព និងភាពឆាប់រហ័សនៃប្រតិបត្តិការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩នៅរាជធានីភ្នំពេញ ក្រុមហ៊ុន ស្មាត អាស៊ីតា បានសហការជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីគាំទ្រសាលារាជធានីភ្នំពេញ ក្នុងការរៀបចំនិង បង្កើតមជ្ឈមណ្ឌលចាក់វ៉ាក់សាំងបន្ទាន់ចំនួន១៤កន្លែងនៅជុំវិញរាជធានី ។ មជ្ឈ មណ្ឌលចាក់វ៉ាក់សាំងចំនួន១៤កន្លែង នឹងមានសមត្ថភាពអាចផ្ដល់វ៉ាក់សាំងដល់មនុស្សចំនួន៤ពាន់២រយនាក់ក្នុងមួយថ្ងៃ ដោយប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចំនួន១,៥លានដូស ដែលទទួលបានពីប្រទេសចិនកាលពីសប្តាហ៍មុន ។

ជាមួយនឹងវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៤លានដូសបន្ថែមទៀតរំពឹងថា នឹងមកដល់ឆាប់ៗនេះ តម្រូវការបន្ទាន់សម្រាប់ប្រព័ន្ធប្រតិបត្តិការចាក់វ៉ាក់សាំងឲ្យមានប្រសិទ្ធិភាព ដើម្បីធានាឲ្យបានថា ពលរដ្ឋកម្ពុជាទទួលបានការការពារប្រឆាំងជំងឺកូវីដ១៩ ដែលបានកំពុងរីករាលដាលពាសពេញប្រទេសបន្ទាប់ពីព្រឹតិ្តការណ៍ថ្ងៃទី២០កុម្ភៈ ។ ក្រុមហ៊ុន ស្មាត បានប្រមូលថវិកាសង្គ្រោះបន្ទាន់ពីមូលនិធិទឹកប្រាក់១លានដុល្លារ ដើម្បីប្រឆាំងជំងឺកូវីដ១៩របស់ខ្លួន ដើម្បីបំពាក់មជ្ឈមណ្ឌលនីមួយៗនូវតង់ តុ កៅអី ឧបករណ៍ស្វ័យប្រវត្តិម៉ាស៊ីនលាងដៃ អាល់កុលលាងដៃ ម៉ាស់ និងទឹកផឹកជាដើម ។ នាយកប្រតិបត្តិក្រុមហ៊ុន ស្មាត អាស៊ីតា លោក ថូម៉ាស ហ៊ុន (Thomas Hundt) មានប្រសាសន៍ថា ការបន្តរីករាលដាលនៃជំងឺកូវីដ១៩នៅពាសពេញប្រទេសកម្ពុជា គឺជាក្ដីបារម្ភដ៏ធំមួយសម្រាប់យើងទាំងអស់គ្នា និងគូសបញ្ជាក់ពីភាពបន្ទាន់នៃប្រតិបត្តិការចាក់វ៉ាក់សាំងឲ្យបានលឿនបំផុត តាមដែលអាចធ្វើទៅបាន ដើម្បីការពារខ្លួនយើងពីជំងឺដ៏គួរឱ្យខ្លាចនេះ ។

យើងបានប្រមូលយកថវិកាពីមូលនិធិប្រឆាំងវីរុសកូវីដ១៩របស់យើង ដើម្បីឆ្លើយតបតម្រូវការបន្ទាន់របស់មជ្ឈមណ្ឌលចាក់វ៉ាក់សាំងក្នុងស្រុក ដែលអាចការពារពលរដ្ឋក្នុងសហគមន៍របស់ពួកគេ ដោយមិនចាំបាច់ធ្វើដំណើរទៅទីតាំងឆ្ងាយ ដែលអាចបង្កហានិភ័យផ្ទាល់ខ្លួន ។ មជ្ឈមណ្ឌលចាក់វ៉ាក់សាំងទាំងអស់ ដែលរួចរាល់នឹងផ្ដើមប្រតិបត្តិការពីថ្ងៃទី៥ ខែមេសានេះ មានទីតាំងនៅតាមសាលារៀន និងមណ្ឌលសុខភាពដូចជា៖ សាលាបឋមសិក្សាសំពៅមាស វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំពេញ វិទ្យាល័យទួលទំពូង វិទ្យាល័យបឹងកេងកង វិទ្យាល័យជាស៊ីមសន្ធរម៉ុក សាលាបឋមសិក្សាវត្តសន្សំកុសល សាលាបឋមសិក្សាបឹងឈូកប្រជុំវង្ស ផ្សារ OCIC សាលាបឋមសិក្សាឬស្សីកែវ មណ្ឌលសុខភាពភ្នំពេញថ្មី សាលាបឋមសិក្សាជម្ពូវ័ន មណ្ឌលសុខភាពគោករកា មណ្ឌលសុខភាពពងទឹក និងវិទ្យាល័យកំបូល ។

សូមជម្រាបថា មូលនិធិទឹកប្រាក់១លានដុល្លារ ដើម្បីប្រឆាំងវីរុសកូវីដ១៩របស់ក្រុមហ៊ុន ស្មាត អាស៊ីតា ត្រូវបានបង្កើតឡើងកាលពីឆ្នាំមុន និងរហូតមកដល់ពេលនេះ មូលនិធិបានផ្ដល់ជំនួយដល់អង្គការ និងគម្រោងចំនួនជាង១២ ដែលកំពុងគាំទ្រដល់ភាពធន់នៃសហគមន៍ អំឡុងពេលការប្រឈមនៃជំងឺរាតត្បាតជាសកលនេះ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner