ក្រសួងសុខាភិបាលផ្សព្វផ្សាយនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ

អត្ថបទដោយ៖
ធី ដា

ក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ បានចេញផ្សព្វផ្សាយឯកសារ នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។ ឯកសារនេះ រៀបចំឡើងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងបានផ្តោតជាសំខាន់ទៅលើ ការកំណត់លក្ខខណ្ឌក្នុងការបិទទីតាំងនិងតំបន់ ក្នុងការអនុវត្តគោលការណ៍ព្យាបាលនៅតាមផ្ទះ ការបង្ការនិងការត្រួតពិនិត្យការចម្លងរោគសម្រាប់អ្នកថែទាំ ការគ្រប់គ្រង សន្តិសុខ សណ្តាប់ធ្នាប់នៅតាមគោលដៅ ដែលជាផ្នែកមួយសំខាន់នៃការគ្រប់គ្រងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះ ក្នុងគំនិតផ្តួចផ្តើមរួមមួយដ៏សំខាន់សម្រាប់ទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានឱ្យដឹងថាការរៀបចំនីតិវិធីស្តង់ដារនេះ ត្រូវបានចំណាយពេលវេលាខ្លី ប៉ុន្តែបានប្រមូលគំនិត មតិយោបល់ ពីអ្នកជំនាញបច្ចេកទេសជាច្រើន និងផ្អែកទៅលើបទពិសោធន៍ជាក់ស្តែងនៃការគ្រប់គ្រងអ្នកជំងឺកូវីដ-១៩នៅកម្ពុជា និងបទពិសោធន៍នៃបណ្តាប្រទេសជាច្រើន ដែលបានជ្រើសរើសយកការព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះ។

ជាមួយនឹងការថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធ ឯកឧត្តម ម៉ម ប៊ុនហេង បានបន្ថែមថាក្រសួងសុខាភិបាល នឹងបណ្តុះបណ្តាលក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារ(SOPs) សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះចាប់ពីពេលនេះតទៅ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner