បុគ្គលិកក្រុមហ៊ុន កូកា-កូឡា កម្ពុជា ប្រមាណ៥០០នាក់បានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ពីរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានទទួលវ៉ាក់សាំងកូវីដ-១៩ពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់និយោជិតដែលបានស្ម័គ្រចិត្តប្រមាណ៥០០នាក់ ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងការចូលរួមការពារ រក្សាសុវត្ថិភាព និងសុខុមាលភាពរបស់បុគ្គលិកគ្រប់ផ្នែក ។ ការចាក់វ៉ាក់សាំងនេះ បានរៀបចំធ្វើឡើងក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល ។

លោក អ៊ុច ស៊ីណាត ជានាយកផ្នែកធនធានមនុស្សនៃក្រុមហ៊ុន កូកា-កូឡា កម្ពុជា មានប្រសាសន៍ថា អាទិភាពចម្បងរបស់ក្រុមហ៊ុននាពេលនេះ គឺរក្សាសុវត្ថិភាព សុខុមាលភាពរបស់បុគ្គលិក ព្រមទាំងដៃគូអាជីវកម្ម និងសហគមន៍របស់យើង ។ លោកបានសម្តែងនូវមោទកភាព និងក្តីកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនេះមិនមែនជាលើកទី១ទេ ដែលក្រុមហ៊ុនកូកា-កូឡាទទួលបានការយកចិត្តទុកដាក់ និងទង្វើដ៏ប្រពៃពីរាជរដ្ឋាភិបាល ។ លោកបន្ថែមថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនៅពេលនេះ កាន់តែបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះភាពសុខដុមរមនារបស់ប្រជាជនកម្ពុជាគ្រប់រូប ហើយក៏ជាការលើកកម្ពស់ភាពទុកចិត្តរបស់វិនិយោគិន ដែលជាផ្នែកមួយនៃភាពទាក់ទាញរបស់កម្ពុជា ។

លោកនាយកបញ្ជាក់ទៀតថា ការទទួលចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តនេះ គឺជាអាវុធថ្មីមួយបន្ថែមពីលើការយល់ដឹងអំពីអនាម័យ និង៣កុំ ៣ការពារ ក្នុងការការរពារខ្លួន ការពារក្រុមគ្រួសារ ការពារអាជីវកម្ម និងសហគមន៍របស់យើង ។ ជាមួយគ្នានេះ ក្រុមហ៊ុនកូកា-កូឡា ក៏បានបង្ហាញពីជឿទុកចិត្តថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រុមការងារសុខាភិបាលគ្រប់កម្រិត ក្រុមការងារជួរមុខ ដោយមានការចូលរួមចំណែកពីវិស័យឯកជន ជាពិសេសការយល់ដឹងពីអនាម័យ និងការការពារខ្លួនពីប្រជាជនគ្រប់រូប នឹងធ្វើឱ្យកម្ពុជាអាចឆ្លងផុតគ្រាដ៏លំបាកនេះ ហើយកម្ពុជានឹងត្រឡប់មកកាន់តែខ្លាំងក្លាជាងមុន ។ លោក អ៊ុច ស៊ីណាត បន្ថែមទៀតថា ក្រុមហ៊ុនកូកា-កូឡាក៏សូមថ្លែងអំណរគុណចំពោះបងប្អូនកម្មករ និយោជិតដែលបានស្ម័គ្រចិត្ត និងក្រុមការងារក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់កិច្ចខិតខំប្រឹងប្រែងដ៏ស្ម័គ្រស្មោះ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីជួយបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner