បងប្អូនប្រជាពលរដ្ឋ ជាកម្មកររោងចក្រជិត៤០នាក់ មកពីទីក្រុង​ភ្នំពេញ លួចចូលមកស្រុកកំណើតវិញ ដែលល្មើសនឹងបំរាមរបស់​អាជ្ញាធរខេត្ត ត្រូវយកទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅក្នុងស្រុកទឹកផុស

អត្ថបទដោយ៖
ជា សេឌី

 រដ្ឌបាលខេត្តកំពង់ឆ្នាំង និងអាជ្ញាធរស្រុកកំពង់លែង នៅរសៀល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ បានចេញសាឡាង ដឹករថយន្តពេទ្យចំនួន០២គ្រឿង ទៅកាន់ស្រុកកំពង់លែង និងរថយន្តមន្ត្រីពេទ្យផ្សេងទៀត នៅកំពង់ផែថ្មី ផ្សារក្រោមចុងកោះក្នុងសង្កាត់ផ្សារឆ្នាំង ដើម្បីត្រៀមរង់ចាំដឹកជញ្ជូនប្រជាពលរដ្ឋមានចំនួនជិត៤០នាក់បានល្មើសនឹងបម្រាមគោចររបស់ អាជ្ញាធរខេត្ត ដែលបានហាមប្រាមកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ដោយមិនអនុញ្ញាតឲ្យអ្នកដែលនៅរាជធានីភ្នំពេញ ឬអ្នកនៅក្រៅខេត្ត ធ្វើដំណើរចូលមកទឹកដីខេត្តកំពង់ឆ្នាំងនោះឡើយ ប្រសិនបើនៅតែល្មើសអាជ្ញាធរខេត្ត និងបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានចាប់យកទៅធ្វើចត្តាឡី ស័កចំនួន១៤ថ្ងៃ រួមទាំងធ្វើការពិនិត្យសំណាកផងដែរ។

អាជ្ញាធរ ស្រុកកំពង់លែង បានបញ្ជាក់នៅរសៀលថ្ងៃទី៨ ខែមេសា  ថា ពលរដ្ឋជិត៤០នាក់ ចូលមកទឹកដីស្រុកកំពង់លែង ដែលជាភូមិកំណើតរបស់ពួកគេ ពលរដ្ឋទាំងនោះមកពីក្រុងភ្នំពេញ ពួកគេជាកម្មករធ្វើការរោងចក្រ បានធ្វើដំណើរមកកាន់ស្រុកកំណើត នៅក្នុងឃុំស្វាយរំពារ និងឃុំដារ ពលរដ្ឋទាំងនោះ ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ប្រមូលដឹកតាមរថយន្តរបស់មន្ទីរពេទ្យខេត្ត ឆ្លងតាមសាឡាង ដើម្បីយកទៅធ្វើចត្តាឡីស័កនៅឯមណ្ឌលចត្តាឡីស័ក ស្រុកទឹកផុស និងយកសំណាកពិនិត្យផងដែរ។

លោក ងិន ចាន់សារ៉េត ជាអ្នកដឹកនាំក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំក្នុងខេត្ត ដែលបានបញ្ជាក្រុមការងារឆ្លើយ តបបន្ទាន់របស់មន្ទីរសុខាភិ បាល រួមនិងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ត ឱ្យចុះទៅនាំយកពលរដ្ឋនៅកំពង់លែង ដែលបានវិលមកពីភ្នំពេញប្រមាណជិត៤០នាក់ បានចូលមកស្រុកកំណើតរបស់ពួកគេ ដែលបានប្រព្រឹត្តផ្ទុយនិងបម្រាមរបស់អាជ្ញាធរខេត្ត។ ភ្លាមនោះដែរលោកក៏បានដឹកនាំក្រុម ការងារឆ្លើយតបបន្ទាន់ចុះទៅស្រុកកំពង់លែងដើម្បីប្រមូលបងប្អូនប្រជាពលរដ្ឋទាំងនោះ ទៅដាក់នៅមណ្ឌលចត្តាឡីស័កស្រុកទឹកផុសក្នុងវេលាយប់នេះផងដែរ។

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីណែនាំស្តីពីការពង្រឹងវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកាលពីថ្ងៃទី៥ ខែមេសា ដោយត្រូវតែដាក់ឲ្យធ្វើចត្តាឡីស័ក ចំពោះអ្នកមកពីភ្នំពេញ ឬតាមបណ្ដាខេត្តផ្សេងៗ។ ក្នុងនោះដែរអាជ្ញាធរខេត្ត ក៏បានណែនាំទៅកាន់ឪពុកម្ដាយ និងក្រុមគ្រួសារ ដែលមានបងប្អូនកូនចៅដែលបានទៅធ្វើការនៅភ្នំពេញ ក៏ដូចជានៅតាមបណ្ដាខេត្តផ្សេងៗឬនៅក្រៅប្រទេស ត្រូវទូរស័ព្ទប្រាប់បងប្អូនកូនចៅទាំងអស់នោះ មិនចាំបាច់ឱ្យមកលេងផ្ទះ នៅក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ-១៩ នាបច្ចុប្បន្ននេះទេ ករណីនៅតែចចេសមក អាជ្ញាធរនិងនាំយកទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ដោយគ្មានការយោគយល់នោះឡើយ៕សុខ គឹមសៀន

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner