តំណាងប្រទេសចំនួន៣២ រួមគ្នាផ្ញើសារអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

អត្ថបទដោយ៖
ធី ដា

ប្រធានស្ថានតំណាងនៃប្រទេសចំនួន៣២ប្រចាំកម្ពុជា ដែលមាននិវាសដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ បានរួមគ្នាផ្ញើសារអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ទោស័ក ពុទ្ធសករាជ២៥៦៤ ដែលនឹងចូលមកដល់នៅសប្ដាហ៏ក្រោយ។ យោងតាមស្ថានទូតខ្មែរប្រចាំប្រទេសថៃបានឲ្យដឹងថា តាមរយៈកាតជូនពរដែលមានទង់ជាតិចម្រុះពណ៌ និងឃ្លាប្រយោគជាភាសាខុសៗគ្នា ដែលមានខ្លឹមសារ «សួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២១» បានឆ្លុះបង្ហាញពីចំណងមិត្តភាពជិតស្និទ្ធជាប្រពៃណី និងការគាំទ្រគ្នាទៅវិញទៅមករវាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ និងស្ថានទូតនៃបណ្តាប្រទេសជាមិត្តចំនួន ៣២ ទាំងពេលបច្ចុប្បន្ន និងអនាគត។

លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា កម្ពុជាតូចពិត ចិត្តទូលាយ និងមានមិត្តច្រើន ហើយលោកបានថ្លែងអំណរគុណដល់ អង្គទូតនៃប្រទេសទាំង៣២ ដែលបានគាំទ្រ ផ្តល់ពាក្យពេជន៍ជាភាសាជាតិរបស់ខ្លួន និងចូលរួមចុះហត្ថលេខាលើកាតជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

សូមជម្រាបថា កាតជូនពរឆ្នាំថ្មីចម្រុះភាសានោះ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សហការជាមួយក្រុមការងារការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដើម្បីចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ដែលជាផ្នែកមួយនៃគោលនយោបាយទូតសេដ្ឋកិច្ចកម្ពុជា ដល់ពិភពលោក៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner