រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ព្យាករណ៍ថា អត្រាភាពអត់មានការងារធ្វើនឹងកើនឡើងដល់១៦ភាគរយ នៅខែមេសា ឆ្នាំ២០២០នេះ ដោយសារ COVID-19
សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនស្ទង់មតិ Gallop មានមូលដ្ឋាននៅសហរដ្ឋអាម៉េរិកបានរកឃើញថា ៣០%នៃមនុស្សពេញវ័យនៅប្រទេសមហាអំណាចពិភពលោកនេះសរុប ២៥៦ លាននាក់ បានរាយការណ៍ថា ពួកគេបានបាត់បង់ការងារ ឬបានបាត់បង់ប្រាក់ចំណូល ដោយសារការរាតត្បាតនៃវីរុស COVID-19 នេះបើតាមសារព័ត៌មាន ABS-CBN News នាពេលថ្មីៗ ។
១០ ភាគរយនៃពលរដ្ឋពេញវ័យនិយាយថា ពួកគេត្រូវបានគេបញ្ឈប់ពីការងារ ដោយ៨៥% នៃអ្នកទាំងនោះជឿថា ពួកគេនឹងទទួលបានការងាររបស់ពួកគេវិញ ហើយ ២៥% បានបាត់បង់ប្រាក់ចំណូលដោយត្រូវគេកាត់ម៉ោងធ្វើការ ។ ៤% នៃពលរដ្ឋដែលមានប្រាក់ចំណូលទាប បានបាត់បង់ការងារជាអចិន្ត្រៃយ៍ គឺច្រើនជាងចំនួន ២% ជាមធ្យមសម្រាប់មនុស្សពេញវ័យទាំងអស់ នេះបើតាមតួលេខរបស់ក្រុមហ៊ុនស្ទង់មតិ Gallop ។
សូមជម្រាបថា វិធានការបិទអាជីវកម្មនានារបស់សហរដ្ឋអាម៉េរិក បាននាំឲ្យមានពលរដ្ឋខ្លួន ២៦.៥លាន ដាក់ពាក្យសុំជំនួយរដ្ឋពេលបាត់បង់ការងារត្រឹមពាក់កណ្តាលខែមីនាមកនេះ ហើយរដ្ឋបាលលោក ដូណាល់ ត្រាំ បានព្យាករណ៍ថា អត្រាភាពអត់មានការងារធ្វើនឹងកើនឡើងដល់១៦ភាគរយ នៅខែមេសា ឆ្នាំ២០២០នេះ ៕