ក្រសួងការងារជូនដំណឹងពីការបើកប្រាក់ឧបត្ថម្ភ លើកទី៥៩ ជូនកម្មករ-និយោជិតចំនួនជាង ២,៥០០នាក់

ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះបានចេញសេចក្តីជូនដំណឹងស្តីពីការបើកប្រាក់ឧបត្ថម្ភ លើកទី៥៩ ជូនកម្មករ-និយោជិតចំនួន ២,៥៥២នាក់។ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានបញ្ជាក់ថាកម្មករ-និយោជិតដែលបានបើកប្រាក់ឧបត្ថម្ភនេះមានរោងចក្រ សហគ្រាសចំនួន២៩ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួលបានការ អនុញ្ញាត ព្យូរកិច្ចសន្យាការងារ ស្មារតីជុំទី៣ នៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។

ក្រសួងការងារបានឱ្យដឹងបន្ថែមថា ធនាគារឯកទេសវីង នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្តល់មកឱ្យក្រសួងតាមរយៈ រដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក។ សម្រាប់ប្រាក់ឧបត្ថម្ភនេះដែរនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៖

  • ៦០ ០០០រៀល (១៥ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១០ថ្ងៃ
  • ១២០ ០០០រៀល (៣០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ
  • ១៦០ ០០០រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ។
    សូមបញ្ជាក់ថា សម្រាប់បងប្អូនដែលព្យួរកិច្ចសន្យាការងាររយៈពេល ២ខែ ប្រាក់ឧបត្ថម្ភនឹងត្រូវបើកជា ២លើក ដោយលើកទី២ នឹងបើកនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។

ក្នុងសេចក្តីជូនដំណឹងដដែលនេះ ក្រសួងការងារបានរំឮកថា ធនាគារឯកទេសវីងនឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ធពីធនាគារឯកទេសវីង។ ដើម្បីបើក ប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុត។
សូមបញ្ជាក់ ថា បងប្អូនមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ។

ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាសទាំង២៩ នេះ មិនបានទទួលសារ ទូរសព្ធពីធនាគារឯកទេសវីង នោះសូមបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅ រដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួន។ ក្រសួងនឹងបន្តជូនដំណឹងដល់បងប្អូនកម្មកររោងចក្រ សហគ្រាសដទៃផ្សេង ទៀតអំពីការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះ។

ជាមួយគ្នានេះក្រសួងការងារបានក្រើនរំលឹកដោយឱ្យ សាធារណជន ជាពិសេសបងប្អូនកម្មករ-និយោជិតជ្រាបជាព័ត៌មាន និង សូមរួសរាន់ទំនាក់ទំនងបើកប្រាក់ឧបត្ថម្ភនេះនៅតាមភ្នាក់ងារវីងនានាដែលនៅជិតបំផុតឱ្យបានទាន់ពេលវេលា៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner