តួកគីចោទក្រុមសកម្មប្រយុទ្ធឃើដ YPG ជាអ្នកនៅពីក្រោយករណីបំផ្ទុះគ្រាប់សម្លាប់ជីវិតមនុស្ស៤០នាក់ ក្នុងនោះរួមមានកុមារ១១នាក់នៅស៊ីរី
ស៊ីរី៖ ក្រសួងការពារជាតិតួកគីបានស្តីបន្ទោសលើក្រុមសកម្មប្រយុទ្ធឃើដ YPG បន្ទាប់ពីជនស៊ីវិលប្រមាណ៤០នាក់ ក្នុងនោះមានកុមារ១១នាក់ បានបាត់បង់ជីវិត ដោយសារករណីបំផ្ទុះគ្រាប់បែកដ៏កក្រើកមួយនៅទីក្រុងអាហ្វ្រីន ស្ថិតនៅភាគខាងជើងប្រទេសស៊ីរី នេះបើតាមសារព័ត៌មាន CGTN នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។
ក្រសួងការពារជាតិតួកគីបានបង្ហោះសេចក្តីថ្លែងការណ៍នៅលើ Twitter ថា ការវាយប្រហារបំផ្ទុះគ្រាប់បែកដ៏កក្រើកនេះ កើតឡើងនៅក្នុងតំបន់ទីប្រជុំជនមួយ នៃភាគកណ្ដាលទីក្រុងអាហ្វ្រីន ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងជីវពលស៊ីរី គាំទ្រដោយប្រទេសតួកគី ។
ដោយឡែកមនុស្ស៤៧នាក់ ផ្សេងទៀតក៏បានរងរបួសផងដែរ ហើយភ្លាមៗមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ ប៉ុន្តែតួកគីចោទថា ការវាយប្រហារនេះ គឺជាស្នាដៃរបស់ក្រុមសកម្មប្រយុទ្ធឃើដ (YPG) ។ ស្របពេលជាមួយគ្នានោះដែរ សហរដ្ឋអាម៉េរិកក៏បានចេញមុខប្រកាសថ្កោលទោស ចំពោះករណីវាយប្រហារដ៏អាក្រក់ខាងលើនេះ កាលពីយប់ថ្ងៃអង្គារ៍ម្សិលមិញផងដែរ៕