ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋ សូមឲ្យផ្អាកការធ្វើដំណើរឆ្លងពីខេត្តមួយ ទៅខេត្តមួយ មួយរយៈសិន

អត្ថបទដោយ៖
Kien Sereyvuth

      ក្នុងឱកាសចុះពិនិត្យគោលដៅ នៅតាមព្រំប្រទល់ខេត្តបាត់ដំបងនិងខេត្តពោធិសាត់នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានមានប្រសាសន៍ទៅកាន់កងកម្លាំងសមត្ថកិច្ច ដែលមានភារកិច្ច នៅទីនោះ ដោយបានលើកឡើងថា កម្លាំងសមត្ថកិច្ចប្រចាំគោលដៅនីមួយៗ ត្រូវអនុវត្តនូវបទបញ្ជា របស់រាជរដ្ឋាភិបាលឲ្យបានម៉ឺងម៉ាត់ម៉ត់ចត់ ពាក់ព័ន្ធនឹងការធ្វើដំណើរឆ្លងកាត់ខេត្ត ដោយពិនិត្យមើលឲ្យបានតហរឹមត្រូវច្បាស់លាស់ ពីគ្រប់យានយន្តគ្រប់ប្រភេទដែលបានឆ្លងកាត់នៅទីនេះ ដោយមិនត្រូវលើកលែងចំពោះការធ្វើដំណើរទៅណាមកណាទាំងអស់ក្រៅតែពីករណីដែលបានកំណត់ឲ្យមានការលើកលែងតែប៉ុណ្ណោះ ។

             ជាមួយគ្នានេះផងដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានធ្វើការអំពាវនាវទៅកាន់ប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជូននូវបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល ដែលពាក់ព័ន្ធ ពីការផ្អាកការធ្វើដំណើរឆ្លងខេត្តមួយទៅខេត្តមួយមួយរយៈសិនដែលបានចាប់អនុវត្តពីថ្ងៃទី០៧រហូតដល់ថ្ងៃទី២០ខែមេសាឆ្នាំ២០២១ ដើម្បីជាវិធានការបន្ទាន់ ក្នុងការទប់ស្កាត់មិនឲ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កាន់តែខ្លាំងនៅក្នុងសហគមន៍កម្ពុជា ។ ដែលទាំងនេះ សូមឲ្យបងប្អូនប្រជាពលរដ្ឋយើង មានការយោគយល់ ពីការដាក់ចេញនូវវិធានការបែបនេះរបស់រាជរដ្ឋាភិបាល គឺ៖ដើម្បីចង់រក្សាអាយុជីវិតបងប្អូនយើងទាំងអស់គ្នាតែប៉ុណ្ណោះ។

        ឯកឧត្តមក៏បានបន្តទៀតថាសម្រាប់ប្រជាពលរដ្ឋវិញ ក៏ត្រូវចូលរួមទាំងអស់គ្នា លើបំរាមគោចរទាំងនេះ ដោយមិនត្រូវបង្កនូវផលវិបាកដល់កងកម្លាំងសមត្ថកិច្ចដែលប្រចាំការត្រួតពិនិត្យតាមគោលដៅទាំងនោះនោះទេ។សូមឲ្យមានការយោគយល់ ព្រោះគោលបំណងល្អ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធ នូវការរឹតបន្តឹង ក្នុងការបិទព្រំប្រទល់ខេត្តនីមួយៗ មិនឲ្យចេញចូលនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីការពារអាយុជីវិត របស់ពលរដ្ឋ តែប៉ុណ្ណោះ។

       ក្នុងការចុះពិនិត្យនេះ កម្លាំងសមត្ថកិច្ចប្រចាំគោលដៅក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាប់ព្រំប្រទល់ស្រុកបាកាន ខេត្តពោធិ៍សាត់ បានឲ្យដឹងថាទាក់ទងទៅនិងបម្រាមគោចរនេះ គឺពលរដ្ឋបានយល់ដឹងច្រើន។ខណៈដែលយានយន្ត អាចចេញចូល ឆ្លងកាត់បាន។ ដែលសុទ្ធតែស្ថិត ក្នុងករណីលើកលែង និងមានឯកសារបញ្ជាក់ច្បាស់លាស់ ពីបេសកកម្មការងារ របស់ ពួកគេ ។

      សូមបញ្ជាក់ថា ក្នុងវិធានការនៃការទប់ស្កាត់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចេញនូវបទបញ្ជាការដាក់នូវការធ្វើដំណើរឆ្លងកាត់ខេត្តដោយបានហាមប្រាមដាច់ខាត មិនឲ្យពលរដ្ឋធ្វើដំណើរចេញ-ចូល ឆ្លងព្រំប្រទលខេត្ត លើកលែងតែរាជធានីភ្នំពេញនិងខេត្តកណ្ដាល ដែលបម្រាមនេះគឺចាប់ផ្ដើមអនុវត្ត ចាប់ពីម៉ោងសូន្យថ្ងៃទី៧ទៅដល់ថ្ងៃទី២០ខែមេសា ឆ្នាំ២០២១ ៕  ( អត្ថបទ – រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner