សម្តេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការជួយដល់ គ្រួសារដែល ឆ្លង និងប៉ះពាល់ដោយកូវីដ១៩, រដ្ឋជួយបង់៣ខែ និងធ្វើចត្តាឡីស័ក ឬរាំងខ្ទប់ជួយបង់២ខែ រួមទាំងឧបត្ថម្ភមួយចំនួនទៀត
សម្តេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការជួយដល់ គ្រួសារដែល ឆ្លង និងប៉ះពាល់ដោយកូវីដ១៩ ប៉ុន្តែអត់មានមនុស្សស្លាប់ រដ្ឋនឹងជួយចេញថ្លៃទឹកថ្លៃភ្លើង អប្បបរមា រយៈពេល៣ខែ ដោយរាប់ចាប់តាំងពីជននោះឆ្លងជំងឺកូវីដ១៩ ។ សំរាប់គ្រួសារដែលធ្វើចត្តាឡីស័ក នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ៣០ម៉ឺនរៀល ក្នុង១គ្រួសារ និងជួយបង់ទឹកភ្លើងក្នុងកម្រិតសមរម្យមួយរយៈពេល២ខែ។ អ្នកដែលប៉ះពាល់នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ៣០ម៉ឺនក្នុង១គ្រួសារ ហើយជួយបង់ថ្លៃទឹកភ្លើងចំនួន២ខែដែរ និងផ្តល់អង្ករដល់គ្រួសារដែលប៉ះពាល់ នៅតំបន់បិទខ្ទប់នូវអង្ករ២៥គីឡូ មីមួយកេសតូច ត្រីខ ២០កំប៉ុងផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មវិធីជួយដោះស្រាយការលំបាកនេះ នឹងធ្វើនៅក្របខណ្ឌទូទាំងប្រទេសតែម្តង។ ជាមួយនឹងការដាក់ចេញនូវការអន្តរាគមន៍ជួយអ្នករងគ្រោះដោយកូវីដ១៩នេះ សម្តេចតេជោបានថ្លែងអំណរគុណដល់គ្រួសារនៅតំបន់បិទខ្ទប់ ហើយមានជីវភាពអាចដោះស្រាយបញ្ហាបាន ដោយមិនយកជំនួយពីរដ្ឋ ដើម្បីសម្រាលការចំណាយរបស់រដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅព្រឹកនេះសម្តេចបានបញ្ជាអភិបាលរាជធានី ដឹកស្បៀងអាហារជូនប្រជាពលរដ្ឋនៅតំបន់ ដែលរាំងខ្ទប់ មានថវិកា ៣០ម៉ឺនរៀល អង្គរ មី និងត្រីខកំប៉ុងផងដែរ។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង អំពីការសម្រេចបិទខ្ទប់ទីតាំងមួយចំ នួន ដែលបានឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរ នៅក្នុងខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។ ការបិទខ្ទប់ភូមិសាស្ត្រមួយចំនួន ដែលមានការឆ្លងធ្ងន់ធ្ងរនេះ មានរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ០០៖០០ ថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។
សម្រាប់ខណ្ឌសែនសុខ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់ភូមិទ្រង់មាន់ នៃសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សម្រាប់ខណ្ឌមានជ័យ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចខបិទខ្ទប់ សង្កាត់ស្ទឹងមានជ័យ១ និងសង្កាត់ស្ទឹងមានជ័យ២។ សម្រាប់ខណ្ឌពោធិ៍សែនជ័យ៖ រដ្ឋបាលរាជធានីភ្នំពេញ បិទខ្ទប់ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅ១, ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់ការកាបទី១ និងភូមិចំការឪឡឹក១ នៃសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ៕