មេបញ្ជាការកងទ័ព ប្រចាំទិសប្រាសាទព្រះវិហារ៖ កងទ័ពដែលកំពុងឈរជើង នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ត្រូវបង្កើនការយាមល្បាត និងពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អ ជាមួយកងកម្លាំងព្រំដែនប្រទេសជាមិត្ត

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តព្រះវិហារ៖ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក លោកបានដឹកនាំមន្ត្រីយោធាក្រោមឱវាទសំខាន់ៗជាច្រើនរូប ចុះទៅកាន់តំបន់ព្រំដែនកម្ពុជា-ឡាវ ដើម្បីជួបសួរសុខទុក្ខ និងការនាំយកថវិកា គ្រឿងបរិក្ខាប្រើប្រាស់ រួមនឹងគ្រឿងឧបភោគ បរិភោគមួយចំនួន ទៅឧបត្ថម្ភដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតំបន់ទន្លេល្ពៅ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧មេសាឆ្នាំ២០២០ ដើមសប្តាហ៍នេះ។

នាយទាហាន និងពលទាហាន ដែលស្ថិតនៅតំបន់ព្រំដែនទន្លេល្ពៅទាំងអស់ ទទួលបានការសួរសុខទុក្ខ និងអំណោយជាច្រើនមុខ ពីមេបញ្ជាការកងទ័ពប្រចាំព្រំដែន នៃទិសជួរមុខ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក នូវថវិកា គ្រឿងឧបភោគ បរិភោគ និងគ្រឿងបរិក្ខាប្រើប្រាស់មួយចំនួន ដើម្បីទុកដោះស្រាយ និងប្រើប្រាស់នៅក្នុងអង្គភាព ស្របពេលដែលជំងឺកូវីដ-19 កំពុងរាតត្បាតនៅលើសកលលោក និងនៅក្នុងប្រទេសកម្ពុជា ផងដែរ។ ប៉ុន្តែ ជំងឺកូវីដនេះ បានថយចុះមកនៅកម្រិតទាបបំផុត សម្រាប់កម្ពុជា។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងប្រាប់កងទ័ព ប្រចាំព្រំដែនជួរមុខទាំងអស់ ត្រូវប្រឹងប្រែងបន្ថែមទៀត លើការងារចេញយាម និងដើរល្បាត នៅក្នុងដែនសមត្ថកិច្ច និងតំបន់ភូមិសាស្ត្រ ដែលអង្គភាពខ្លួនទទួលខុសត្រូវ អោយបានជាប់ជាប្រចាំ ក្នុងកិច្ចការងារការពារបូរណភាពទឹកដី មិនត្រូវធ្វេសប្រហែសជាដាច់ខាត។ ហើយនាយទាហានទាំងអស់ ត្រូវបន្តពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយកងកម្លាំងព្រំដែន ភាគីមិត្តកម្ពុជា-ឡាវ ដោយឈរលើស្មារតីទទួលខុសខ្ពស់ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដោយសន្តិវិធី ជៀសវាងការដោះស្រាយគ្នា ដោយប្រើប្រាស់កម្លាំងប្រដាប់អាវុធអោយសោះ។

នៅក្នុងខណៈនោះ លោកឧត្តមសេនីយ៍ មេបញ្ជាការកងទ័ព ប្រចាំព្រំដែនជួរមុខ ក៏បានផ្សព្វផ្សាយពីវិធានការ នៃការបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដល់នាយទាហាន និងពលទាហានព្រំដែន បានដឹង និងបានយល់ ពីវិធីការពារខ្លួន ជៀសផុតពីការឆ្លងជំងឺកូវីដ១៩នេះ ដោយអនុវត្តវិធីងាយៗ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រសាសន៍ណែនាំរបស់ សម្តេចតេជោ សែន នាយករដ្ឋមន្ត្រីកម្ពុជា បើទោះបីកម្ពុជា នាគ្រាបច្ចុប្បន្ន ស្ថិតក្នុងស្ថានភាពធូរស្រាល ពីការរីករាលដាលជំងឺកូវី១៩ ដ៏កាចសាហាវនេះ យ៉ាងណាក្តី ។

លោកឧត្តមសេនីយ៍ បានប្រាប់នាយ និងពលទាហាន មិនត្រូវមើលស្រាល និងត្រូវបង្កើនការប្រុងប្រយ័ត្ន អោយបានខ្ពស់ជាប់ជានិច្ច ដោយត្រូវលាងដៃនឹងសាប៊ូ អាល់កុល ទឹកអនាម័យជែល អោយបានញឹកញាប់ ត្រូវហូបទឹកដាំពុះ ហូបចំណីអាហារដែលឆ្អិនល្អ មិនត្រូវយកដៃមកញីភ្នែក ច្រមុះ និងមាត់ជាដាច់ខាត។ លោកថា ប្រសិនបើអនុវត្តន៍បែបនេះបានជាប្រចាំ នោះយើង និងអ្នកដទៃ នឹងជៀសផុតពីការឆ្លងជំងឺកូវីដ១៩ ដ៏កាចសាហាវនេះបានហើយ។ លោកឧត្តមសេនីយ៍ មេបញ្ជាការបានបញ្ជាក់ថា ការអនុវត្តបែបនេះ ត្រូវបានចាត់ទុកថា កងទ័ពទាំងអស់ បានចូលរួមចំណែកមួយដ៏ធំ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ររបស់ប្រមុខដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា និងតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា នោះហើយ៕  ដោយ៖ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner