ខ្យល់ពុលដ៏អាក្រក់ធ្លាប់មាននៅបាងកក ប្រែជាធ្លាក់ចុះខ្លាំង តាំងពីមានជំងឺកូវីដ១៩នៅថៃ
អត្ថបទដោយ៖
Kien Sereyvuth
ថៃ៖ ក្រុមអ្នកវិភាគពីគុណភាពខ្យល់នៅរាជធានីបាងកក ប្រទេសថៃបានអះអាងថា ចាប់តាំងពីរាជរដ្ឋាភិបាលចាត់វិធានការតឹងរឹង ហាមមិនឲ្យមានការជួបជុំសង្គមមក មានការរកឃើញថា កម្រិតខ្យល់ពុលដ៏គ្រោះថ្នាក់ក្នុងក្រុងមួយនេះបានធ្លាក់ចុះជាង២០ភាគរយ បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន នេះបើតាមចេញផ្សាយរបស់សារព័ត៌មាន CNA។
កម្រិតខ្យល់ពុល PM2.5 ដែលបង្កឡើងដោយរថយន្ត និងឧស្សាហកម្មធន់ធ្ងន់ផ្សេងៗត្រូវបានកាត់បន្ថយប្រមាណ២២ភាគរយ នៅតាមដងផ្លូវក្នុងក្រុង និង១៥ភាគរយនៅតំបន់ផ្សេងៗទៀត ចាប់ពីថ្ងៃទី១៥ មីនា ដល់ ១០ មេសា។
មន្ត្រីជំនាញនៅសកលវិទ្យាល័យសុខភាពសាធារណៈ Thammasat បានលើកឡើងថា «ពេលនេះ គុណភាពខ្យល់គឺល្អ ល្អខ្លាំងណាស់។ តំបន់ខ្លះ គុណភាពខ្យល់គឺស្ថិតក្នុងស្តង់ដាអង្គការសុខភាពពិភពលោក ដែលបង្ហាញថា ពេលមនុស្សស្នាក់នៅផ្ទះ បន្ថយការធ្វើដំណើរ ខ្យល់អាកាសពុលធ្លាក់ចុះបានល្អ»៕