សម្ដេចតេជោ តបទៅនឹងលិខិតរបស់នាយកប្រចាំតំបន់នៃអង្គការសុខភាពពិភាពលោក ដែលគាំទ្រដល់កិច្ចខិតខំរបស់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

លិខិតរបស់សម្ដេចតេជោនៅថ្ងៃទី១២មេសាឆ្នាំ២០២១ គឺតបទៅនឹងលិខិតរបស់លោកវេជ្ជបណ្ឌិត kasai កាលពីថ្ងៃទី៩មេសា ដែលបានបញ្ជាក់ពីការបប្ដេជ្ញាចិត្តជាថ្មីរបស់អង្គការសុខភាពពិភពលោក គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយចីរភាពរបស់កម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ លិខិតរបស់សម្ដេចតេជោ បានសរសសេរថា ខណៈដែលប្រទេសកម្ពុជាបានរួចផុតពីការរីករាលដាលនៃជំងឺកូវីដ-១៩ កាលពីឆ្នាំមុន នៅក្នុងនេះ យើងខ្ញុំមិនមានភ័ព្វសំណាងនោះទេ ដោយបច្ចុប្បន្ននេះ យើងខ្ញុំកំពុងប្រឈមនឹងការឆ្លងរាលដាលនៃវីរុសកូរ៉ូណានាំចូលប្រភេទថ្មីក្នុងសហគមន៍ ដែលជាអកុសលបានធ្វើឲ្យចំនួននៃការបាត់បង់អាយុជីវិតមនុស្សមានការកើនឡើង។

សម្ដេចតេជោបានបន្តថា នៅចំពោះមុខគ្រោះអាសន្នដ៏ធ្ងន់ធ្ងរនៃសុខភាពសាធារណៈនាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ត្រូវបង្ខំចិត្តជ្រើសរើសយកការសម្រេចចិត្តដ៏លំបាកក្នុងការបិទតំបន់ដែលទទួលរងផលប៉ះពាល់ និងដាក់វិធានការរឹតត្បិតការធ្វើដំណើ់រដ៏តឹងរ៉ឹង រួមជាមួយនឹងវិធានការផ្សេងៗទៀត ដើម្បីទប់ស្កាត់ការរីករាលដាលនៃការផ្ទុះជំងឺនោះ។

សម្ដេចបានបន្តថា វិធានការណ៍ទាំងអសើនោះមានភាពចាំបាច់ ក្នុងការធានារសង្គ្រោះជីវិត សុវត្ថិភាពសុខភាពសាធារណៈ សុខុមាលភាពប្រជាជន និងការវិលត្រឡប់ទៅរកភាពធម្មតាវិញនៃជីវិតរស់នៅឲ្យបានឆាប់។ លិខិតរបស់សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលគាំទ្រយ៉ាងខ្លាំងក្លាចំពោះពហុភាគីនិយម ហើយកម្ពុជាកោតសរសើរចំពោះតួនាទីឈានមុខរបស់អង្គការសុខភាពពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកលនាពេលបច្ចុប្បន្ននេះ។ ជាមួយគ្នានោះ សម្ដេចបានថ្លែងអំណំាគុណចំពោះជំនួយដែលផ្ដល់ដោយអង្គការសុខភាពពិភពលោក ក្នុងអំឡុងពេលនៃវិបត្តិដ៏លំបាកនេះ។

យោងតាមលិខិតរបស់លោកបណ្ឌិត Kasai ជូសម្ដេចតេជោហ៊ុន សែន កាលពីថ្ងៃទី៩មេសាឆ្នាំ២០២១ លោកបានកោតសរសើរចំពោះសម្ដេចតេជោផ្ទាល់ និងរាជរដ្ឋាភិបាលកម្ពុជាដែលបានខិតខំប្រឹងប្រែង និងសម្ដេចបានសមិទ្ធផលធំធេង ជាការឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺកូវីដ-១៩។ លោកក៏បានថ្លែងអំណរគុណសម្ដេចតេជោ ដែលបានសង្គ្រោះនាវា Westerdam និងតវិធានការទប់ស្កាត់ជំងឺកូវីដ នាពេលកន្លងមក។

យ៉ាងណាក៏ដោយអង្គការសុខភាពពិភពលោកបានសម្ដែងនូវការព្រួបារម្ភចំពោះស្ថានភាពនាពេលបច្ចុប្បន្ន នៅពេលដែលប្រទេសកម្ពុជាកំពុងប្រឈមនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ដ៏អាក្រក់បំផុតមិនធ្លាប់មាន តាំងពីជំងឺនោះចាប់ផ្ដើមរាតត្បាតមក។ ជាមួយគ្នានោះ លោកបានសំដែងការព្រួបារម្ភអំពីការអាចឆ្លងខ្លាំងក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរផងដែរ។ ទោះជាយ៉ាងណាក៏ដោយ លោក Kasai បានបញ្ជាក់ថា កម្ពុជាមិនប្រឈមនឹងការលំបាលនៅតែម្នាក់ឯងនោះទេ អង្គការសុខភាពពិភពលោកឈរនៅជាមួយកម្ពុជាជានិច្ច ហើយនឹងបន្តផ្ដល់ការគាំទ្រផ្នែកគោលនយោបាយ បច្ចេកទេស និងប្រតិបត្តិការដលើក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner