កិច្ចប្រជុំពិភាក្សាស្ដីពីការរៀបចំយុទ្ធសាស្ត្រសម្រាប់គាំទ្រដល់ការសិក្សាពីចម្ងាយ (Distance Learning) ក្នុងបរិបទជំងឺកូវីដ- ១៩
រាជធានីភ្នំពេញ៖ ដោយក្ដីយកចិត្តទុកដាក់ទៅលើការលើកកម្ពស់គុណភាពអប់រំ ក្នុងស្ថានភាពនៃជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សាការងារ ជាមួយដៃគូអភិវឌ្ឍវិស័យអប់រំនានា តាមរយៈប្រព័ន្ធអេឡិចត្រូនិក (Video Conference) លើការរៀបចំយុទ្ធសាស្ត្រសម្រាប់គាំទ្រដល់ការសិក្សាពីចម្ងាយ (Distance Learning) ក្នុងបរិបទជំងឺកូវីដ-១៩ ដើម្បីកំណត់នូវសកម្មភាពខ្លី និងមធ្យមធានាឱ្យបានការអប់រំនៅតែបន្ដ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និង កីឡា។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានចែករំលែកនូវបទពិសោធន៍នៃការគ្រប់គ្រងស្ថានភាពអប់រំ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ នាពេលកន្លងមក។
សូមជម្រាបថា ស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានកំណតគោលដៅធ្វើយ៉ាងណាធានាឱ្យបាននូវសុវត្ថិភាពជូនដល់បុគ្គលិកអប់រំ ព្រមទាំងសិស្សានុសិស្ស ស្របគ្នានឹងការធានាបាននូវការផ្ដល់ការអប់រំប្រកបដោយគុណភាព៕ ដោយ -រ៉ាវុធ