ប្រទេសថៃបន្តដាក់ប្រទេសក្នុងគ្រាមានអាសន្នបន្ថែមមួយខែទៀត ដើម្បីទប់ស្កាត់ការរាលដាលនៃជម្ងឺ COVID-19

អត្ថបទដោយ៖
Kien Sereyvuth

ថៃ៖ ប្រទេសថៃនឹងត្រូវបន្តស្ថិតក្នុងគ្រាមានអាសន្នរយៈពេល០១ខែបន្ថែមទៀត ពោលគឺរហូតដល់ដំណាច់ខែឧសភាខាងមុខ នេះបើតាមមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងការរីករាលដាលនៃមេរោគ COVID-19 ហៅកាត់ថា CCSA និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ។

ជាមួយគ្នានេះ បើតាមអ្នកនាំពាក្យមជ្ឈមណ្ឌល CCSA លោក Taweesilp Visanuyothin ការសម្រេចពន្យាពេលដាក់ប្រទេសក្នុងគ្រាមានអាសន្នបន្ថែមទៀតនេះ ត្រូវបានធ្វើឡើងដោយសារតែមានការព្រួយបារម្ភថា មេរោគនេះអាចនឹងត្រឡប់មកវាយប្រហារក្នុងកម្រិតធ្ងន់សាជាថ្មី ខណៈមជ្ឈមណ្ឌលរបស់លោកកំពុងតែបន្ត ខិតខំព្យាយាមបញ្ឈប់ការឆ្លងរាលដាលឲ្យអស់ពីលទ្ធភាព ។

សូមបញ្ជាក់ថា នៅទូទាំងប្រទេសថៃ ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់២.៩៣១នាក់ ក្នុងនោះមានអ្នកជម្ងឺ៥២នាក់ស្លាប់ និងជាសះស្បើយវិញ ចំនួន២ពាន់៦០៩នាក់ ឬស្មើនឹង៨៩ភាគរយនៃអ្នកជំងឺសរុប នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner