នាយករដ្ឋមន្រ្តីជប៉ុននិយាយថា នឹងហាមពលរដ្ឋមកពីប្រទេសចំនួន១៤ចូលមកទឹកដីជប៉ុន ក្នុងបំណងទប់ស្កាត់ការរាតត្បាតពី COVID-19
អត្ថបទដោយ៖
Kien Sereyvuth
ជប៉ុន៖ ជប៉ុននឹងដាក់ចេញបំរាមធ្វើដំណើរមួយ ដោយហាមប្រជាជនមកពីប្រទេសចំនួន១៤ចូលមកក្នុងប្រទេសជប៉ុន ដើម្បីទប់ស្កាត់មេរោគ COVID-19 នេះបើតាមនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ និងត្រូវបានចុះផ្សាយដោយសារព័ត៌ មានស៊ីនហួរ នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។
បម្រាមថ្មីរបស់ប្រទេសជប៉ុនខាងលើ នឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី២៩ ខែមេសាខាងមុខតទៅ ហើយបន្ថែមលើនេះ រដ្ឋាភិបាលក្រុងតូក្យូក៏នឹងពង្រីកពេលវេលា ក្នុងការផ្អាកផ្តល់ទិដ្ឋាការដល់ជនបរទេសនានា រហូតដល់ដំណាច់ខែឧសភា ឆ្នាំ២០២០ផងដែរ ។
សូមបញ្ជាក់ថា សម្រាប់ប្រទេសទាំង ១៤ ដែលនឹងត្រូវជាប់ក្នុងបំរាមខាងលើនេះក្នុងនោះរួមមាន រុស្ស៊ី អ៊ុយក្រែន បេឡារុស អារ៉ាប៊ីសាអូឌីត កាតា អេមីរ៉ាត់អារ៉ាប់រួម អូម៉ង់ ជីបួទី ប៉េរូ គុយវ៉ែត អាន់ទីកបាបូដា បាបាដូស សង់ឃីតណេវីស និងសាធារណរដ្ឋដូមីនីក ៕