នាយករដ្ឋមន្រ្តីអង់គ្លេសអំពាវនាវឱ្យពង្រឹងការរឹតត្បិត ដើម្បីទប់ស្កាត់ COVID-19 បន្ទាប់ពីត្រឡប់មកបំពេញកិច្ចការវិញ

អត្ថបទដោយ៖
Kien Sereyvuth

អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បានសង្កត់ធ្ងន់អំពីស្ថានការណ៍ប្រទេសជាតិបច្ចុប្បន្ន ដែលកំពុងស្ថិតក្នុងហានិភ័យដល់កម្រិតកំពូល នៃការវាយលុកដោយជំងឺ COVID-19 ខណៈលោកអំពាវនាវឲ្យប្រជាជនកុំបាត់បង់ភាពអត់ធ្មត់ ចំពោះការបិទប្រទេស នេះបើតាមសារព័ត៌មាន CGTN នៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ។

ការលើកឡើងខាងលើនេះរបស់លោក បូរីស ចនសុន បានកើតមានឡើងស្របពេលដែលរូបលោកបានចូលមកបំពេញការងារជាធម្មតាវិញហើយ បន្ទាប់ពីជាសះស្បើយពីជំងឺ COVID-19 ហើយសុខភាពរបស់លោកក៏ល្អប្រសើរផងដែរ ។ ទន្ទឹមគ្នា នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ ក៏បានសុំទោសប្រជាជនផងដែរ ចំពោះការអវត្តមានដ៏យូរ ក្នុងការដឹកនាំប្រទេស ដោយសារតែជម្ងឺរាតត្បាតសកលមួយនេះ ។

សូមជម្រាបថា នៅទូទាំងចក្រភពអង់គ្លេស ចំនួនអ្នកឆ្លងមេរោគCOVID-19សរុបកើនឡើងដល់១៥ម៉ឺន៧ពាន់១៤៩នាក់ ក្នុងនោះមានអ្នកជម្ងឺ២ម៉ឺន១ពាន់៩២នាក់ស្លាប់ និងជាសះស្បើយវិញមិនទាន់មានរបាយការណ៍នៅឡើយទេ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner