អង្គការ WHO ព្រួយបារម្ភពីកំណើនអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 នៅទ្វីបអាហ្វ្រិក អឺរ៉ុបខាងកើត អាមេរិកឡាទីន និងនៅប្រទេសអាស៊ីមួយចំនួន
ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ សម្តែងការព្រួយបារម្ភអំពីការកើនឡើងចំនួនករណីឆ្លង និង ស្លាប់ដោយសារមេរោគ COVID-19 នៅទ្វីបអាហ្វ្រិក អឺរ៉ុបខាងកើត អាម៉េរិកឡាទីន និងនៅប្រទេសអាស៊ីមួយចំនួន បើទោះជាបីជាមានការថយចុះនៅបណ្តាប្រទេសអ្នកមានមួយចំនួន ។
ថ្លែងក្នុងសន្និសីទកាសែតមួយនៅទីក្រុងហ្សឺណែវ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេតត្រូស អាដាណម ហ្គេប្រេយ៉េសឹស បាននិយាយថា យើងនៅមានផ្លូវវែងឆ្ងាយ និងមានការងារជាច្រើនត្រូវធ្វើ ហើយថា ការផ្ទុះជំងឺឆ្លងលើកទី២ អាចនឹងត្រូវបានការពារជាមួយនឹងចំណាត់ការត្រឹមត្រូវ ។ ទន្ទឹមគ្នា លោកក៏បានសម្តែងការព្រួយបារម្ភដែរថា សុខភាពរបស់កុមារកំពុងរងការគំរាមកំហែងពីផលប៉ះពាល់នៃជំងឺឆ្លងនេះ ដែលត្រូវឱ្យមានកម្មវិធីចាក់វ៉ាក់សាំងសម្រាប់ការពារជំងឺផ្សេងៗទៀត ។
បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) មនុស្សប្រមាណ ១៣លាននាក់បានរងផលប៉ះពាល់នៅទូទាំងពិភពលោក ដោយសារការពន្យារពេលនៃការចាក់ថ្នាំបង្ការរោគជាទៀងទាត់ប្រឆាំងនឹងជំងឺផ្សេងៗ ក្នុងនោះរួមមានទាំងជំងឺស្វិតដៃជើង រោគកញ្ជ្រិល អាសន្នរោគ គ្រុនលឿង និងជំងឺរលាកស្រោមខួរជាដើម ៕