ផ្នែកពុទ្ធចក្រ និងអាណាចក្ររួមគ្នាទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺ កូវីដ១៩ នៅច្បារអំពៅ
ភ្នំពេញ៖ ដើម្បីចូលរួមជាមួយផ្នែកអាណាចក្រក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងអប់រំផ្សព្វផ្សាយ បញ្ជ្រាប់ការយល់ដឹងអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ព្រះញាណវង្ស សៅរ៍ មុនី ព្រះអនុគណខណ្ឌច្បារអំពៅ រួមជាមួយព្រះចៅអធិការ វត្តមួយចំនួននៅក្នុងមូលដ្ឋានខណ្ឌ បានប្រគល់នូវទេយ្យវត្ថុ និងបច្ច័យជូនលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ ដើម្បីរួមចំណែកជាមួយរដ្ឋបាលខណ្ឌ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩។
បន្ទាប់ពីទទួលបាននូវទេយ្យទាន ទេយ្យវត្ថុ និងថវិកាមួយចំនួនរួចមកលោក ចេង មុនីរ៉ា អភិបាលខណ្ឌបានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះទឹកព្រះទ័យជ្រះថ្លារបស់ព្រះញាណវង្ស សៅរ៍ មុនី ព្រះអនុគណខណ្ឌច្បារអំពៅ រួមជាមួយព្រះចៅអធិការ វត្តមួយចំនួននៅក្នុងមូលដ្ឋានខណ្ឌ ដែលបានចូលរួមចំណែកជាមួយអាជ្ញាធរខណ្ឌដោយកាយវិការសប្បរសធម៌ មនុស្សធម៌ ដើម្បីចូលរួមបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងមេរោគ កូវីដ១៩ ដែលកំពុងតែគំរាមកំហែងសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាសកល មិនថាតែប្រទេសកម្ពុជាយើងប៉ុណ្ណោះទេ ។ ទោះបីជាកម្ពុជានៅសល់ចំនួនអ្នកកំពុងព្យាបាលតែ៣នាក់ទៀតប៉ុណ្ណោះ ហើយនឹងឈានទៅជាអស់នៅពេលឆាប់ៗនេះ ។ រឿងសំខាន់ដែលយើងត្រូវរួមគ្នាធ្វើគឺ បង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំង កុំឲ្យមេរោគ កូវីដ១៩ កើតមានតទៅទៀត។
សូមបន្តអនុវត្តន៍តាមវិធានណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឲ្យខ្ជាប់ខ្ជួនបំផុត ដើម្បីសុវត្ថិភាពទាំងអស់គ្នា ។ នៅចុងបញ្ចប់លោកអភិបាលខណ្ឌបានបញ្ជាក់ថា អំណោយជាទេយ្យទាន ទេយ្យវត្ថុ និងថវិកាមួយចំនួន លោកនឹងយកទៅប្រើប្រាស់អោយចំទិសដៅក្នុងសកម្មភាពមនុស្សធម៌ ចន្លោះពេលដែលជំងឺកូវីដ១៩ គំរាមកំហែងជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសជួយសម្រាលការលំបាកដល់ក្រុមគ្រួសារណាដែលមានជីវភាពខ្វះខាត ក្រុមគ្រួសារងាយរងគ្រោះ៕ ដោយ ធី សណ្តោស