កសិដ្ឋានចិញ្ចឹមមាន់ស្រែ កំពុងតែទទួលបាននូវការគាំទ្រនៅលើទីផ្សារ ដោយសារតែការ “បង្កាត់ពូជ និង ចិញ្ចឹម” ជាលក្ខណៈមាន់ស្រែ (មានវីដេអូ)

អត្ថបទដោយ៖
Kien Sereyvuth

“អានស៊ីន-Anshin” គឺ៖ ជាឈ្មោះកសិដ្ឋានចិញ្ចឹមមាន់យកសាច់មួយកន្លែង ស្ថិតនៅក្នុង ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ របស់ ខេត្តបាត់ដំបង។ ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រខាងលើនេះ ភាគច្រើនប្រកបនូវមុខរបរធ្វើស្រែ ចម្ការ ដាំដុះចម្ការឈើហូបផ្លែ ដំណាំឆ្លងកាត់ និង ដំណាំរួមផ្សំបន្ទាប់បន្សំមួយចំនួនដើម្បីទាញយកចំណូលផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ខ្លួន។

លោក ធី រ៉ាវុធ ជាកសិករម្នាក់ រស់នៅក្នុងភូមិ-ឃុំខាងលើ ដោយមើលឃើញអំពីតម្រូវការចាំបាច់នៅលើទីផ្សារចិញ្ចឹមមាន់សាច់ និង ចង់កែប្រែជីវិតរស់នៅឲ្យឆ្លើយតបនូវបទពិសោធន៍ក្នុងការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសាររបស់ខ្លួននិងដើម្បីឆ្ពោះទៅកាន់ទីផ្សារក្នុងស្រុក។ កសិកររូបនេះ បានកំណត់ជ្រើសរើសយកការចិញ្ចឹមមាន់ធ្វើជាមុខរបរមួយថ្មីបន្ថែមទៀត កាលពីអំឡុងខែតុលាឆ្នាំ២០១៩កន្លងទៅ។

តាមការឲ្យដឹងពីម្ចាស់កសិដ្ឋានចិញ្ចឹមមាន់សាច់ បានឲ្យដឹងថា៖ កសិដ្ឋាននេះ បានសាងសង់លើផ្ទៃដីប្រមាណ០១ហិកតា និងមានរោងចិញ្ចឹមមាន់សរុបប្រមាណ ១១រោង។ហើយរោងមាន់នីមួយៗ មានទទឹងប្រវែង១០ម៉ែត្រនិងបណ្តោយប្រវែង៣០ម៉ែត្រ នៅក្នុងរោងមាន់នីមួយៗ យ៉ាងហោចណាស់ដាក់មាន់បានក្នុងចន្លោះពី១.០០០ទៅជាង១ពាន់ក្បាល ហើយរោងនីមួយៗក៏ត្រូវតែមានលក្ខណៈទូលាយនិងមានបរិយាកាសនិងលំហខ្យល់ឲ្យចេញ-ចូល បានគ្រប់គ្រាន់ផងដែរ ដើម្បីសុខភាព របស់ សត្វ។

ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់សាច់ ” អានស៊ីន ” ឲ្យដឹងបន្ថែមថា៖ បច្ចុប្បន្ន នេះពូជកូនមាន់ ដែលលោកយកមកចិញ្ចឹមនេះ គឺជាពូជមាន់បង្កាត់ជាមួយនឹងអ័រម៉ូនពូជមាន់ខ្មែរ ស្ទើរតែ ៧០% ដែលជាពូជមាន់ខ្មែរយើង។ ពូជមាន់ទាំងនេះ “កសិដ្ឋាន-អានស៊ីន” របស់លោក បានចាប់ដៃគូជាមួយនិងកន្លែងភ្ញាស់កូន នៅតាមបណ្តាខេត្តមួយចំនួន ដូចជា៖ ខេត្កកំពង់ចាម កំពង់ធំ និងពីខេត្តកំពត។ កូនមាន់ដែលត្រូវដឹកជញ្ជូនយកមកចិញ្ចឹមនេះ គឺក្រោយពេលដែលកូនភ្ញាស់ បានរយៈពេល១ថ្ងៃឫ៧ថ្ងៃតែប៉ុណ្ណោះ ត្រូវដឹកចូលមកកាន់កសិដ្ឋាន។ ហើយការដឹកទៀតសោត ត្រូវចំណាយពេលវេលាក្នុងការដឹកមកកសិដ្ឋានចម្ងាយរាប់រយគីឡូម៉ែត្រ ពេលខ្លះកូនមាន់ត្រូវងាប់អស់ពី៥០-១០០ក្បាលទៀតផង។ពេលមកដល់ក៏ត្រូវរកថ្នាំវីតាមីនឲ្យកូនមាន់ ដើម្បីប៉ះប៉ូវបំប៉នសុខភាពវាឡើងវិញ និង ពីរបៀបថែទាំ ក្នុងការផ្តល់ចំណីនិងពីការទប់ស្កាត់ នូវជម្ងឺតម្កាត់ផ្សេងៗដែលតែងតែយាយីរំខានដល់ការចិញ្ចឹម ដោយត្រូវចាក់វ៉ាក់សាំងដល់កូនមាន់ចំនួន៣លើក និងថ្នាំការពារផ្សេងៗ ដើម្បីការពារសុខភាពសត្វ។

លោក ធី រ៉ាវុធ បានគូសបញ្ជាក់ទៀតថា៖ បច្ចុប្បន្ននេះកសិដ្ឋានចិញ្ចឹមមាន់ស្រែ “អានស៊ីន” បានខិតខំបង្កើន និងបានពង្រីកក្នុងការចិញ្ចឹមមាន់សាច់ ចាប់តាំងពីចំនួន១.០០០ក្បាល រហូតមានការកើនឡើង ដល់ជិត៣ម៉ឺនក្បាល។ ហើយការចិញ្ចឹមនេះនិងដោយមានការថែទាំបំប៉នចំណីជាប្រចាំតាមលក្ខណៈបច្ចេកទេសក្នុងការចិញ្ចឹមនេះ តែក្នុងរយៈពេល៣ទៅ៣ខែកន្លះប៉ុណ្ណោះ។មាន់សាច់ទាំងនេះ ត្រូវបានម៉ូយមកប្រមូលទិញយកទៅកាន់ទីផ្សារនានា មិនថា៖ទីផ្សារក្នុងខេត្តបាត់ដំបង ឬក៏នាំទៅកាន់ខេត្តសៀមរាប និងទីក្រុងភ្នំពេញ។ ការនាំទៅកាន់ទីផ្សារឬក៏មានម៉ូយមកទិញ ដល់កសិដ្ឋានផ្ទាល់នេះ គឺក្នុងមួយលើកៗ មិនតិចពី ១ពាន់ក្បាលនោះទេ។ ចំណែកតម្លៃមាន់សាច់ដែលកសិដ្ឋានលោកលក់ចេញទៅឲ្យឈ្មួញដើម្បីយកទៅលក់បន្ត គឺ៖ ក្នុងតម្លៃមាន់រស់ ទម្ងន់មួយគីឡូក្រាមពី១៥.០០០ទៅ១៧.០០០រៀល។ហើយមាន់ដែលត្រូវចាប់លក់នោះគឺទម្ងន់ក្នុងចន្លោះពី១.៣ គ.ក្រ ទៅ១.៥គក្រ។

បើទោះបីស្ថិតក្នុងវិបត្តិជម្ងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ជាសកលពីមេរោគកូវីដ-19កន្លងទៅក៏ពិតមែន តែផលប៉ះពាល់ពីការប្រកបនូវមុខរបរចិញ្ចឹមមាន់សាច់នៅក្នុងកសិដ្ឋានរបស់លោក គឺស្ថិតក្នុងស្ថានភាពចំណុចវិជ្ជមាន និងអវិជ្ជមានខ្លះៗគឺដោយសារតែតម្រូវការនូវមាន់សាច់មានការថយធ្លាក់ចុះខុសពីតម្រូវការទីផ្សារ ដូចមុនៗ…។

ដោយឡែកលោក ខាស៊ុគិ ម៉ាត់ស៊ុម៉ូតុ ជនជាតិជប៉ុន និង ជាដៃគូវិនិយោគផ្ទាល់ជាមួយកសិដ្ឋានចិញ្ចឹមមាន់ស្រែ និងគោសាច់ “អានស៊ីន” ផងនោះលោកបានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា៖ នៅពេលដែលលោកមកដល់ទីនេះដំបូង លោកក៏មានការចាប់អារម្មណ៍ជាមួយដៃគូ ក្នុងការជ្រើសរើសយកទីតាំងទីនេះដើម្បីពង្រីកក្នុងការចិញ្ចឹមសត្វដិយក្នុងនោះ គឺយើងចាប់ផ្តើមពីគោ២០ក្បាលរហូតរាប់ពាន់ក្បាល។ ឯការចិញ្ចឹមមាន់ទៀត ពី១ពាន់ក្បាល និងមកដល់ឥឡូវនេះរាប់ម៉ឹនក្បាល។ លោកក៏បានកោតសរសើរពីប្រជាពលរដ្ឋរស់នៅក្នុងមូលនេះមានភាពឧស្សាហ៍ព្យាយាមនិងមានភាពស្មោះត្រង់ ក្នុងការរស់នៅប្រចាំថ្ងៃ និង គួរឲ្យគោរពស្រឡាញ់។ ហើយលោកនឹងខិតខំធ្វើឲ្យមូលដ្ឋាននេះមានការរីកថម្រើននិងអភិវឌ្ឍន៍បន្ថែមទៀត។

លោក ធី រ៉ាវុធ ដែលជាកសិករទទួលបានបទពិសោធន៍ក្នុងការចិញ្ចឹមពីលក្ខណៈគ្រួសារ រហូតទទួលបានជោគជ័យជាបន្តបន្ទាប់ផងនោះ លោក ក៏បានសំណូមពរដល់រាជរដ្ឋាភិបាល និង ក្រសួងនិងសមត្ថកិច្ចជំនាញ សូមជួយទប់ស្កាត់លំហូរនៃការនាំសត្វចូលពីក្រៅប្រទេស ដូចជា៖ មាន់ ជ្រូក គោ ជាដើម…។ ដើម្បីផ្តល់ឱកាសនិងលើកទឹកចិត្តជម្រុញដល់កសិករ និង កសិដ្ឋានចិញ្ចឹមសត្វ នៅក្នុងស្រុក មានឱកាសស្រូបទីផ្សារ ក្នុងការនាំសាច់សត្វទាំងនេះបានលក់នៅលើទីផ្សារក្នុងស្រុកបានកាន់តែទូលំទូលាយល្អប្រសើរថែមទៀត៕( អត្ថបទ – រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner