ឯកឧត្តម គឹម សន្តិភាព ៖ អ្នកល្មើស”វិធានការរដ្ឋបាល”ឆ្លងពីខេត្តមួយទៅខេត្តមួយនឹងប្រឈមជាប់ពន្ធនាគារពី ៣ ឬ ៥ឆ្នាំ

អត្ថបទដោយ៖
ធី ដា

រាជធានីភ្នំពេញ៖  ការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីភូមិសាស្ត្រខេត្តមួយទៅភូមិសាស្ត្រខេត្តមួយជាបណ្តោះអាសន្ន ដែលសម្រេចដោយរាជរដ្ឋាភិបាល គឺជា “វិធានការរដ្ឋបាល” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។នេះបើតាមការឱ្យដឹងពីសំណាក់ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងយុត្តិធម៌។

ដោយសំដៅទប់ស្កាត់និងក៏ដូចជាហាមឃាត់ពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅកាន់ខេត្តមួយទៀតពិសេសក្នុងអំឡុងចូលឆ្នាំថ្មីនេះដែរ ឯកឧត្តម គឹម សន្តិភាព បានឱ្យដឹងថា “ហេតុនេះហើយជនណាដែលមិនគោរព “វិធានការរដ្ឋបាល” ដោយចេតនា នឹងត្រូវប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ឬ៥ឆ្នាំ ប្រសិនអំពើនេះបណ្តាល​ឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬបណ្តាល​ឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អនុលោមតាមមាត្រា១០ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត” ។

ជាមួយគ្នានេះឯកឧត្តមបានបានបញ្ជាក់បន្ថែមថាចំពោះអ្នកដែលជួយសម្រួលដោយចេតនាដល់ការប៉ុនប៉ង ឬការសម្រេចអំពើមិនគោរព “វិធានការរដ្ឋបាល” នេះ ក៏នឹងត្រូវផ្ដន្ទាទោសដូចគ្នានឹងអ្នកប្រព្រឹត្តផងដែរ អនុលោមតាមមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ ៕ ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner