អ្នកល្មើសបម្រាមលួចចូលខេត្តព្រៃវែង៦នាក់ រកឃើញវិជ្ជមានកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

អភិបាលខេត្តព្រៃវែង លោក ជា សុមេធី នៅយបើថ្ងៃទី១២មេសាបានបញ្ជាក់ថា មានអ្នកល្មើសបម្រាមលួចចូលខេត្តព្រៃវែង៦នាក់ រកឃើញវិជ្ជមានកូវីដ-១៩ ក្នុងនោះអ្នកមកពីភ្នំពេញ៥នាក់ និងមកពីខេត្តព្រះសីហនុម្នាក់។ លោកអភិបាលខេត្ត ជា សុមេធី បានបញ្ជាឲ្យចាត់វិធានការក្ដៅ រឹតបន្ដឹងការឆ្លងកាត់ និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ដោយគ្មានការយោគយល់ជាដាច់ខាត។

អ្នកទាំង៦នាក់នោះមានឈ្មោះ សឹង ម៉ារី ភេទស្រី អាយុ៧ខែ រស់នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ កំពុងចត្តាឡីស័កនៅសាលាបថមសិក្សានាគរង្សី ជាអ្នកមកពីភ្នំពេញថ្ងៃទី៩មេសា, ទី២ ឈ្មោះ សឹង វិច្ចរ៉ា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ កំពុងចត្តាឡីស័កនៅសាលាបថមសិក្សានាគរង្សី មកពីភ្នំពេញថ្ងៃទី៩មេសា, ទី៣ ឈ្មោះ ខ្មៅ ឆៃ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិទីតាងើយ ឃុំរោងដំរី ស្រុក បាភ្នំ កំពុងចត្តាឡីស័កនៅសាលាបថមសិក្សានាគរង្សី មកពីភ្នំពេញថ្ងៃទី ៨មេសា, ទី៤ ឈ្មោះអ៊ុន យ៉ុន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិព្រៃប្រង់ ឃុំស្ពឺខ ស្រុកបាភ្នំ កំពុងចត្តាឡីស័កនៅអនុវិទ្យាល័យ បាខៅ មកពីភ្នំពេញ ថ្ងៃទី៨មេសា, ទី៥ឈ្មោះ យុត សុត ភេទប្រុស អាយុ៤២ រស់នៅភូមិមេសាង ឃុំព្រៃរំដេង ស្រុក មេសាង កំពុងចត្តាឡីស័កនៅ អនុវិទ្យាល័យ មេសាង មកពីភ្នំពេញ ថ្ងៃទី១០មេសា និងទី៦ ឈ្មោះ ប៊ុន បុរី ភេទ ប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិកណ្តាល ឃុំឈើកាច់ ស្រុក បាភ្នំ កំពុងចត្តាឡីស័កនៅសាលាបថមសិក្សា ឃ្លាំង មកពីខេត្តព្រះសីហនុនៅថ្ងៃទី ៥មេសា។

បើយោងតាមច្បាប់ ការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីភូមិសាស្ត្រខេត្តមួយទៅភូមិសាស្ត្រខេត្តមួយជាបណ្តោះអាសន្ន ដែលសម្រេចដោយរាជរដ្ឋាភិបាល គឺជា “វិធានការរដ្ឋបាល” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ យោងតាមមាត្រា១០ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានចែងថា ជនណាដែលមិនគោរព វិធានការរដ្ឋបាល ដែលដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ចដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ត្រូវផ្ដន្ទាទោសជាពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល, ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ, ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល បើអំពើនោះបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner