ចំណាយពេលតែ៨០ម៉ោងក្នុងការរៀបចំអាគារមួយចំនួននៅកោះពេជ្រជា មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដែលមានចំនួនត១ពាន់៨០០គ្រែ

អត្ថបទដោយ៖
ធី ដា

យោងតាមទំព័រហ្វេសប៊ុករបស់លោកហ៊ុន ម៉ាណែត ប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខនៅតាមតំបន់ចត្តាឡីស័ក នៅថ្ងៃទី១៣មេសាឆ្នាំ២០២១ បានសរសេរថា ដោយសារការកើនឡើងជាគំហុកនៃអត្រាអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលបានចេញបទបញ្ជាឲ្យរៀបចំទីកន្លែងបន្ថែមសម្រាប់ព្យាបាលប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ-១៩ ដើម្បីខិតខំពង្រីកអោយអស់លទ្ធភាពក្នុងការជួយព្យាបាលនៅតាមមន្ទីរពេទ្យនិងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ មុននឹងឈានទៅដល់ការដាក់ឱ្យមានការព្យាបាលនៅតាមផ្ទះជាលក្ខណៈទំលំទូលាយ។ លោកបានបន្តថា ក្រុមការងារបានរួមគ្នាធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាអោយការរៀបចំអាគារមួយចំនួននៅកោះពេជ្រជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ប្រមាណជិត១ពាន់៨០០គ្រែ អាចដំណើរការត្រៀមទទួលព្យាបាលអ្នកជំងឺក្នុងរយៈពេល ៨០ម៉ោង។

ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការការរៀបចំនោះ។ លោកបានបញ្ជាក់ថា បើគ្មានការចូលរួមយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ របស់បងប្អូនទាំងអស់គ្នាទេ នោះក៏មិនអាចសម្រេចកិច្ចការដ៏ធំដូច្នោះ ក្នុងរយៈពេលដ៏ខ្លីបានដែរ។ ជាមួយគ្នានោះ លោកហ៊ុន ម៉ាណេត បាន ថ្លែងអរគុណដល់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន OCIC ដែលបានអនុញ្ញាតអោយរាជរដ្ឋាភិបាលខ្ចីទីតាំងមួយចំនួននៅកោះពេជ្រសម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃ ដើម្បីរៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល។

លោកបានបន្តថា ពិតណាស់ការរៀបចំមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ អាចចូលរួមជួយព្យាបាល ប្រជាពលរដ្ឋដែលបានឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែមិនអាចទប់ស្កាត់ឬបញ្ចប់ការរីករាលដាលនៃជំងឺនោះបានទេ។ លោកហ៊ុន ម៉ាណែត បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូករួម ក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) និងក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទេដែលជាគន្លឹះអាចទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស។

លោកបានស្នើឲ្យប្រជាពលរដ្ឋទាំងអស់រួបរួមគ្នា តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមកម្ចាត់ជំងឺកូវីដ១៩ ឲ្យអស់ពីទឹកដីខ្មែរ។ កម្ពុជាគិតត្រឹមថ្ងៃទី១៣មេសា ឆ្នាំ២០២១ 🇰🇭 មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៦៩៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២ពាន់២៥២នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន២ពាន់៤០៦នាក់។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា គិតមកដល់ថ្ងៃនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៣៣នាក់ហើយ។ ដោយសារមានកំណើនអ្នកឆ្លងជំងឺកូវីដ-១៩កាន់តែចើរន រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាលកំពង់រៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលសម្រាប់សម្រាកព្យាបាល រួមមាន អគារម៉ូឌែន២នៅចាក់អង្រែ, វិទ្យាល័យជាស៊ីម សាមគ្គី និងសាលាអនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុងផងដែរ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner