សួស្តីឆ្នាំថ្មី ឆ្នាំនេះសង្គ្រាន្តឆ្នាំថ្មីនឹងចូលមកនៅក្នុងថ្ងៃពុធ ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃ១៤ ខែមេសា វេលាម៉ោង០៤:០០នាទីព្រឹកទៀបភ្លឺ

នោះព្រះអាទិត្យចរចេញពីមីនរាសីទៅស្ថិតនៅឯមេសរាសី ដើរតាមគោវិថី គឺផ្លូវកណ្ដាល ទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកា ព្រះនាម មណ្ឌាទេវី គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ អន សៀតផ្ការ ចម្ប៉ា អាភរណៈ កែវពិទូរ្យ(ពេជ្រភ្នែកឆ្មា) ភក្សាហារ សប្បិ ព្រះហស្តស្ដាំទ្រង់ ម្ជុល ព្រះហស្ដឆ្វេងទ្រង់ ឈើច្រត់ គង់លើខ្នង គទ្រភ (សត្វលា) ជាពាហនៈ ។

ថ្ងៃពុធ ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃ១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៤:០០នាទីព្រឹក(រំលងអធ្រាត្រនែយប់ថ្ងៃទី១៣) ជាថ្ងៃចូលឆ្នាំថ្មី ។
ថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខ ត្រូវនឹងថ្ងៃ១៥ ខែមេសា ឆ្នាំ២០២១ជាថ្ងៃវ័នបត ។ ថ្ងៃសុក្រ ៥កើត ខែពិសាខ ត្រូវនឹងថ្ងៃ១៦ ខែមេសា ឆ្នាំ២០២១
ជាថ្ងៃឡើងស័ក ។ គម្រប់ជាសង្ក្រាន្ត ៣ថ្ងៃ ស្រេចបរិបូណ៌ ចូលជាសកលឆ្នាំឆ្លូវ ត្រីស័ក តរៀងទៅ ។

ក្នុងឱកាសសង្គ្រាន្តទាំង៣ថ្ងៃនេះ សូមអស់ជនានុជនប្រុសស្រីទាំងឡាយ រៀបចំគ្រឿងសក្ការបូជា មានទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនំចំណី ផ្លែឈើជាដើម ជូនមាតាបិតា អាណាព្យាបាល ជាបុព្វការី ព្រមទាំងទទួលស្វាគមន៍ ទេវតាឆ្នាំថ្មី ហើយខិតខំលះបង់នូវចិត្តអាក្រក់ ជាចិត្តប្រកបដោយអភិជ្ឈា ព្យាបាទមិច្ឆាទិដ្ឋិឱ្យជ្រះស្រឡះ ចម្រើនឡើងវិញនូវចិត្តប្រកបដោយបញ្ញា និងព្រហ្មវិហារធម៌ គឺមេត្តា ករុណា មុទិតា ឧបេក្ខា ធ្វើបុណ្យសុន្ទរ៍ទាន រក្សាសីលតាមប្រពៃណីឱ្យបានជាប់ជានិច្ច នោះទេព្តានឹង ឱ្យពរសព្ទសាធុការលោកអ្នកនឹងមានសិរីសួស្ដី សុភមង្គល វិបុលសុខគ្រប់ប្រការ ប្រកបការងារបានត្រជាក់ត្រជំ អាយុយឺនយូរតរៀងទៅ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner