ប្រធានគណៈបញ្ជាការឯកភាព នៃរដ្ឋបាលខេត្តបាត់ដំបង អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ក្នុងស្រុក-ក្រុងត្រូវបង្កើនការត្រួតពិនិត្យពីបញ្ហាពលរដ្ឋឆ្លងព្រំប្រទល់ខេត្ត

អត្ថបទដោយ៖
Kien Sereyvuth

  នៅវេលារសៀល ថ្ងៃទី១២ខែមេសា ឆ្នាំ២០២១នេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជា ប្រធានគណៈបញ្ជាការឯកភាព នៃ រដ្ឋបាលខេត្ត បានថ្លែងដោយការព្រួយបារម្ភ អំពីបញ្ហាប្រជាពលរដ្ឋមួយចំនួន បានបន្តលួចគេចវេសក្នុងការឆ្លងព្រំប្រទល់ខេត្ត នៅតាមបណ្តាផ្លូវតូចៗក្នុងភូមិ ឆ្លងកាត់វាលស្រែ និងកន្លែងដែលសមត្ថកិច្ចនិងអាជ្ញាធរមិនបានដាក់កម្លាំងត្រួតពិនិត្យ ដោយពួកគាត់ទាំងនោះនៅតែមិនគោរពតាមបទបញ្ជា ក្នុងការចូលរួមអនុវត្តនូវបម្រាមគោចររបស់រាជរដ្ឋាភិបាល ដោយបានធ្វើការគេចវេសពីការត្រួតពិនិត្យ របស់សមត្ថកិច្ច នៅតាមផ្លូវជាតិជាតិ និងផ្លូវធំៗសំខាន់ៗមួយចំនួន របស់ខេត្ត ។

        ការថ្លែងរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បែបនេះគឺនៅក្នុងឱកាសដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូនៃរដ្ឋបាលខេត្តបាត់ដំបង នាំយកភេសជ្ជៈនិងថវិកាមួយចំនួនដើម្បីចុះសាកសួរសុខទុក្ខនិងសំណេះសំណាលកងកម្លាំងនគរបាលវរៈការពារព្រំដែនគោកនៃអង្គភាព៨១៧ក្នុងស្រុកសំពៅលូននិងអង្គភាព៨១៩ នៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ជាប់និងព្រំដែនប្រទេសថៃនិងចុះសួរសុខទុក្ខដល់កម្លាំងសមត្ថកិច្ចដែលឈរជើងប្រចាំការនៅតាមព្រំប្រទល់ឆ្លងខេត្ត រវាងព្រំប្រទល់ខេត្តបាត់ដំបងនិងខេត្តប៉ៃលិន។

        នៅក្នុងឱកាសនោះ ក៏មានវត្តមាន ឯកឧត្តមអ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងតំណាងក្រុមហ៊ុនសូគីម៉ិច ព្រមទាំឯកឧត្តមជាអភិបាលរងខេត្ត ស្នងការនគរបាលខេត្ត អស់លោកជាប្រធាន-អនុប្រធានមន្ទីរ និង អង្គភាពសំខាន់ៗ ក្នុងខេត្តមួយចំនួន ដែលជាម្ចាស់អំណោយ ផងដែរ។

       ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងបន្តទៀតថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅខេត្តបាត់ដំបង គឺមានករណីប្រជាពលរដ្ឋ ដែលរស់នៅក្នុង ក្រុងបាត់ដំបង និង មកពីរាជធានីភ្នំពេញ បានធ្វើដំណើរតាមម៉ូតូ។ក៏ប៉ុន្តែពួកគេទាំងនេះ មិនបានធ្វើដំណើរនៅតាមផ្លូវជាតិនោះទេ។តែគេបែរជានាំគ្នាធ្វើដំណើរនៅតាមផ្លូវលំជនបទតូចៗ ឬ នៅតាមវាលស្រែក្បែរៗភូមិ ដែលជាទីតាំង គ្មានកម្លាំងសមត្ថកិច្ចដាក់ពង្រាយឈរជើងប្រចាំការត្រួតពិនិត្យនៅទីនោះ ។

        ទាំងនេះហើយ ដែលឯកឧត្តមអភិបាលខេត្តជាប្រធានគណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តបាត់ដំបង បានសម្តែងនូវការព្រួយបារម្ភ និងបានថ្លែងអំពាវនាវថា៖ បញ្ហាបែបនេះ គឺវាធ្វើឲ្យមានការព្រួយបារម្ភខ្លាចមានការឆ្លងរីករាលដាល នៃជំងឺកូវីដ-19ដែលតម្រូវឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់និងតដ្ឋបាលមូលដ្ឋានផ្ទាល់មានការប្រុងប្រយ័ត្នខ្ពស់ ព្រោះខ្លាចពួកគាត់មកពីតំបន់ នៃ ការផ្ទុះជំងឺហើយពួកគាត់មិនបានធ្វើចត្តាឡីស័កត្រឹមត្រូវ។ ដូចនេះ ក្នុងនាមរដ្ឋបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តបាត់ដំបង សូមជំរុញដល់គ្រប់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាកម្លាំងសមត្ថកិច្ចត្រួតពិនិត្យទាំងអស់ ត្រូវបង្កើនការរឹតបន្តឹងប្រុងប្រយ័ត្នឲ្យបានច្បាស់លាស់ ហើយនិងរាយការណ៍ឲ្យបានឆាប់រហ័ស។ និងប្រសិនបើមានករណីបែបនេះកើតឡើងទៀតនោះ ។

      ឯកឧត្តម អភិបាលខេត្តបាត់ដំបង ក៏បានថ្លែងនូវការកោតសរសើរផងដែរដល់គ្រប់កងកម្លាំងទាំងដែលបានបំពេញភារកិច្ចក្នុងការទទួលបងប្អូនប្រជាពលរដ្ឋដែលបានវិលត្រឡប់ពីប្រទេសថៃកន្លងមក និងបានគ្រប់គ្រងបងប្អូនទាំងនោះឲ្យស្នាក់នៅនិងធ្វើចត្តាឡីស័កបានត្រឹមត្រូវ និងបានបញ្ជូនទៅកាន់ស្រុកកំណើតរបស់ពួកគេជាបន្តបន្ទាប់។ ជាមួយគ្នានេះឯកឧត្តម ក៏បានគូសបញ្ជាក់បន្ថែមថា៖ជុំវិញបញ្ហាការឆ្លងដែនរបស់ពលរដ្ឋមកពីប្រទេសថៃសមត្ថកិច្ចការពារព្រំដែន ក៏ត្រូវបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាបន្ថែមទៀត ព្រោះមួយរយៈចុងក្រោយនេះ ប្រទេសថៃក៏កំពុងតែមានការផ្ទុះឆ្លងរាលដាលក្នុងសហគមន៍ជាច្រើន ពីជំងឺកូវី-19ខណៈដែលនៅកម្ពុជាក៏មានការឆ្លងច្រើនករណីដែរនោះ ។

      ឯកឧត្តមបានសង្កត់ធ្ងន់ទៀតថាទោះបីការឆ្លងដែនរបស់ពលករមកពីថៃ នៅតាមបណ្តាច្រកជាប់ខេត្តបាត់ដំបង មានការថយចុះនិងពុំទាន់រកឃើញនូវករណីថ្មី នៃលំហូរពលករនិងពលរដ្ឋរស់នៅក្នុងខេត្ត ឆ្លងជំងឺកូវីដ-19 ក៏ប៉ុន្តែ!ក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់និងធ្វើការត្រួតពិនិត្យឲ្យបានច្បាស់លាស់ ពីដំណើរឆ្លងដែនរបស់ពួកគេទាំងនោះ។ ពិសេសនៅក្នុងរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ មិនត្រូវ ឲ្យមានការថ្លោះធ្លោយបណ្តោយឲ្យអ្នកណាម្នាក់ធ្វើការគេចវេសពីការធ្វើចត្តាឡីស័ក ជាដាច់ខាត ។

        ដោយឡែកនៅក្នុងរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានឆ្លុះបញ្ចាំងឲ្យឃើញថា៖អាជ្ញាធរខេត្តបានរកឃើញអ្នកពាក់ព័ន្ធទៅបិងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនិងអ្នកដែលមកពីរាជធានីនិងតាមបណ្ដាខេត្តប្រឈមនានា និង រស់នៅក្នុងខេត្តបាត់ដំបងកន្លងមក មានចំនួនសរុបប្រមាណជិត៧០០នាក់។ហើយពួកគេទាំងនោះ ត្រូវបានធ្វើតេស្តយកវត្ថុសំណាកទាំងអស់ និងបានរកឃើញ វិជ្ជមាន កូវីដ-19ម្នាក់ហើយត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាល និងបានជាសះស្បើយ ហើយ ៕ ( អត្ថបទ – រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner