កម្ពុជាអនុម័តឲ្យគម្រោងថ្មីចំនួន ០៣ទៀត បើកដំណើរការក្នុងទុន ជិត៨លានដុល្លារ និងផ្តល់ការងារជិត ២០០០កន្លែង
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុម័តឲ្យគម្រោងថ្មី ចំនួន ៣ ទៀត បើកដំណើរការ ក្នុងទំហំទុនវិនិយោគចំនួន ៧.៩ លានដុល្លារអាមេរិក និងបានផ្តល់ការងារជិត ២០០០កន្លែង ។
យោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញ វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនដូចខាងក្រោម ៖
១- VANZEL PRINTING & PACKAGING (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រ ផលិតគ្រឿងបន្សំសម្លៀកបំពាក់ និងបោះពុម្ពដែលមានទីតាំង វិនិយោគ ស្ថិតនៅផ្លូវជាតិលេខ ៣ ភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់ រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,១ លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០០ កន្លែង ។
២- WINDMILL-FY (CAMBODIA) GARMENTS CO., LTD : គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ចំនួន ២,៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ចំនួន ៨៤៨ កន្លែង ។
៣-SPARKBAGS (CAMBODIA) CO., LTD : គម្រោងបង្កើតរោងចក្រផលិត កាបូបគ្រប់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគ ប្រមាណ ៣,៣ លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបាន ចំនួន ៧១៨ កន្លែង ៕