វិស័យឯកជន និងសប្បុរសជនចំនួន១៤ នៅកម្ពុជា បាននាំយកសម្ភារៈតម្លៃ៣០ម៉ឺនដុល្លារ ប្រគល់ជូនគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៣មេសាឆ្នាំ២០២១ លោកទេសរដ្ឋមន្ត្រីលី ធុជ បានសម្របសម្រួលជាមួយអ្នកវិនិយោគបរទេស និងសប្បុរសជនចំនួន ១៤ តាមរយៈ លោក Anthony Galliano ប្រធានសភាពាណិជ្ជកម្មអាមេរិកកាំងប្រចាំកម្ពុជា និងលោក Salah Essa នាំយកសម្ភារៈប្រគល់ជូនក្រសួងសុខាភិបាល តាមរយៈគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ដែលមានលោកស្រី ឱ វណ្ណឌីន ជាប្រធាន។ សម្ភារៈទាំងនោះ នឹងត្រូវយកមកប្រើប្រាស់សម្រាប់ការងារចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និងការងារប្រយុទ្ធប្រឆាំងនឹងការរីករាលជំងឺកូវីដ ផងដែរ។
សម្ភារៈដែលត្រូវប្រគល់ជូននោះ រួមមាន រថយន្តដឹកវ៉ាក់សាំង២គ្រឿង ដែលនឹងមកដល់កម្ពុជាក្នុងខែឧសភា ឆ្នាំ២០២១, កុំព្យូទ័រយូរដៃ, ម៉ាស៊ីន Printer, សម្លៀកបំពាក់ពេទ្យ(PPE), ម៉ាស់ និងសម្ភារផ្សេងៗដទៃទៀត សរុបថវិកាប្រមាណ៣០ម៉ឺនដុល្លារអាមេរិក។ វិស័យឯកជន និងសប្បុរសជនទាំង ១៤ រួមមាន ១/. Cambodia Rice Federation ២/. RMA (Cambodia) ៣/. SCG (Cambodia) ៤/. SELA Pepper ៥/. Marriott Courtyard Hotel ៦/. Cambodian Investment Management ៧/. DAGS Asset Management ៨/. TANNCAM Investment ៩/. Baker Tilly (Cambodia) ១០/. Mr. Joseph Michael Couto ១១/. លោក Salah Essa ១២/. លោក Mark William Seymour ១៣/. លោក Wells Matthew John Roland និង ១៤/. កញ្ញា Narumon Rinruangsin ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះទុកចិត្តប្រកបដោយសប្បុរសចំពោះវិនិយោគិនបរទេស ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារទប់ស្កាត់ការរីករាលនៃជំងឺឆ្លងកូវីដ-១៩ ដែលបាននឹងកំពុងបង្ករជាហានិភ័យយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជានាសព្វថ្ងៃនេះ។