ផ្ទុះលាន់មាត់សរសើរទេវតាឆ្នាំថ្មីកូនស្រីកបិលមហាព្រហ្មថាស្អាតខ្លាំងដូចកូនកាត់
មិនខុសពីចូលឆ្នាំប្រពៃណីជាតិរាល់ឆ្នាំ ប្រជាជនខ្មែរតែងតែរង់ចាំទទួលទេវតាឆ្នាំថ្មី ដែលមានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា (ទទក) និងចាក់ផ្សាយតាមបណ្តាទូរទស្សន៍នានាផងដែរ។ ដោយឡែក បើក្រឡេកទៅមើលតួអង្គទេវតាឆ្នាំថ្មីនេះ ដែលត្រូវជាកូនស្រី កបិលមហាព្រហ្ម ព្រះនាម មណ្ឌាទេវី យាងចុះកាលពី៤ភ្លឺ ព្រឹកមិញនេះ មានការផ្ទុះពេញបណ្តាញសង្គម សរសើរមិនដាច់ពីមាត់ថាមានសម្រស់ស្រស់ស្អាតខ្លាំង មុខមាត់ដូចកូនកាត់អញ្ចឹង។
ក្នុងឆ្នាំថ្មី២០២១ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសសករាជ២៤៦៥ តួអង្គទេវតាដែលមានសម្រស់ស្អាតនោះគឺ កញ្ញា សាន្ត កុសុមៈ ជាជនជាតិខ្មែរសុទ្ធសាធ និងជានិស្សិតនៅសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ក៏ជាតួឯកស្រីក្នុងរឿង «នគរមាស» បានក្លាយជាម្ចាស់ម្កុដ នៃកម្មវិធី «ធីតាឯកសង្រ្កាន្ត» ឆ្នាំនេះ ដូចនេះកញ្ញាក៏ក្លាយជាអ្នកតំណាងទេពធីតាដែលជាបុត្រីកបិលមហាព្រហ្ម យាងចុះមកគ្រប់គ្រងជម្ពូរទ្វីប នាឆ្នាំថ្មី ឆ្នាំឆ្លូវនេះផងដែរ។
គួររំលឹកផងដែរថា នៅពេលដែលនាងបានគ្រងម្កុដ ជាទេពធីតាសង្រ្កាន្តឆ្នាំថ្មីនេះ នាងក៏បានថ្លែងអំណរគុណដល់មិត្តភក្រ្ត និងក្រុមគ្រួសារនាងទាំងអស់ដែលបានគាំទ្រ និងលើកទឹកចិត្តតាំងពីដើម រហូតដល់នាងបានទទួលតំណែងមួយនេះ។ ហើយជាពិសេសនាងក៏បានអរគុណទៅដល់ក្រុមហ៊ុន FIRST UNITED NETWORKS (fun entertainment) និង ស្ថានីយទូរទស្សន៍ ទ ទ ក ដែលបានបង្កើតកម្មវិធីមួយនេះឡើងសម្រាប់ជាប្រយោជន៍ដល់សង្គមនិងផ្ដល់ឱកាសដល់យុវតីខ្មែរដើម្បីបញ្ចេញសមត្ថភាពនិងយល់ដឹងពីវប្បធម៌ខ្មែរ៕