លោក ឈឿន សុចិត្ត ស្នងការខេត្ដកណ្ដាលដឹកនាំកម្លាំងចុះពិនិត្យតាមបន្ទាត់ព្រំដែនកម្ពុជា វៀតណាម
កណ្ដាល៖ កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល បានដឹកនាំលោកស្នងការរង មេបញ្ជាការវរៈការពារព្រំដែនលេខ៦០៥ លោកអធិការស្រុក និងកម្លាំងប៉ុស្ដិ៍ដំបូកចែវជាច្រើនរូប ចុះពិនិត្យតាមបន្ទាត់ព្រំដែនដោយធ្វើដំណើរ ថ្មើរជើងពីគោលដៅបាកដាយ និងគោលដៅចំការចេក ដែលជាចំណុះឲ្យប៉ុស្ដិ៍ដំបូកចែវ មានប្រវែង ៤.៧០០ម៉ែត្រ ដើម្បីសំដៅធ្វើយ៉ាងណា នៅក្នុងតំបន់ ស មិនមានការរំលោភសាងសង់ ឬដាំដំណាំផ្សេងៗពីភាគីខាងវៀតណាមចូលក្នុងទឹកដីខ្មែរបានឡើយ។
បន្ទាត់ព្រំដែនដំបូងចែវមានប្រវែង ៤.៧០០គីឡូម៉ែត្រ ធ្វើដំណើរថ្មើរជើងទាំងទៅទាំងមកប្រវែងជិត១០គីឡូម៉ែត្រ ។ ការចុះពិនិត្យតាមបណ្ដោយព្រំដែននេះ ឃើញថា៖ មានតង់ដែលទានហានវៀតណាមសាងសង់បណ្ដុះអាសន្ន ដើម្បីជាការទប់ស្កាត់កូវីដ-១៩ នៅពេលធ្វើ ដំណើរចុះពិនិត្យនោះដែរ លោកស្នងការក៏បានឲ្យភាគីខាងវៀតណាម រុះរើតង់ចេញឲ្យឆ្ងាយពីបន្ទាត់សក្រោយពីពិនិត្យជាក់ស្ដែងឃើញថា ខាងភាគីវៀតណាមបានសាងសង់តង់ចំនួន៩កន្លែង និងចងជាអង្រឹងចូលក្នុងតំបន់ស ក៏កម្លាំងប្រាប់ទៅខាងវៀតណាមរុះរើ និងដកថយក្រោយឲ្យបានឆ្ងាយពីបន្ទាត់ព្រំដែនជាតំបន់ ស កម្ពុជា-វៀតណាម។
សូមបញ្ជាក់ថា៖ ប៉ុស្ដិ៍ព្រំដែនដំបូកចែវមានគោលដៅ២ប៉ុស្ដិ៍បន្ថែមទៀត ដើម្បីធ្វើយ៉ាងរក្សាសន្ដិសុខ ស្ថេរភាព និងទប់ស្កាត់បង្ការ បទល្មើសតាមបន្ទាត់ព្រំដែន។ បន្ទាប់ពីដើរពិនិត្យរួចមក លោកស្នងការ ក៏បានជំរុញឲ្យលោកមេបញ្ជាការលេខ៦០៥ បញ្ជាកម្លាំងប៉ុស្ដិ៍តាមបន្ទាត់ព្រំដែនដើរល្បាតជាប្រចាំ តាមបន្ទាត់ព្រំដែនជាតំបន់ស ធ្វើយ៉ាងណារក្សាសន្ដិសុខ និងពិនិត្យមើលការបោះតង់ ក៏ដូចជាយកគោក្របីមកចងនៅតំបន់សនោះដែរ ។ ជាមួយគ្នានោះដែរ លោកស្នងការ ក៏បានឧបត្ថម្ភដល់ប៉ុស្ដិ៍គោលដៅក្នុងមួយប៉ុស្ដិ៍ទទួលបាន១លានរៀលជាការលើកទឹកចិត្ត ផងដែរ ៕ធ.ដ
ដោយ ខាត់.សុខឿន