ឧត្តមសេនីយ៍ផ្កាយ២ និងមនុស្ស២នាក់ទៀតល្មើសច្បាប់ និងបំរាមសេចក្តីសម្រេចរាជរដ្ខាភិបាល ត្រូវបានបញ្ចូនទៅតុលាការនៅរសៀលនេះ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ សមត្ថកិច្ច បាននាំខ្លួនឧត្តមសេនីយ៍ផ្កាយ២ និងមនុស្ស២នាក់ទៀតល្មើសច្បាប់ និងបំរាមសេចក្តីសម្រេចរាជរដ្ខាភិបាលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការបើកការស៊ើបសួរ និងឈានទៅរកការចោទន្រកាន់តាមផ្លូវច្បាប់ បន្ទាប់ពីក្រុមគ្រូពេទ្យ បានចុះធ្វើសំណាករួចរាល់នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ដើម្បីតេស្តរកមេរោគកូវីដ១៩ ទាំង៣នាក់ ។

សូមរំលឹកថា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា សម្តេចកំពុងរៀបចំលិខិតស្នើព្រះមហាក្សត្រ ដើម្បីដកស័ក្ត និងបណ្តេញពីក្របខណ្ឌនគរបាលជាតិ ចំពោះឧត្តមសេនីយ៍ផ្កាយ២ម្នាក់ ដែលផឹកស៊ីរាំ ច្រៀង និងលេងបាតម៉្សៅ បំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ព្រមទាំងអំពាវនាវតុលាការកាត់ទោសបុគ្គលនេះឲ្យបានម៉ឺងម៉ាត់ជាទីបំផុត។

ហេតុការណ៍ដ៏គឃ្លើន ក្នុងដំណាក់កាលដែលប្រទេសកម្ពុជា ជាពិសេស រាជធានីភ្នំពេញ កំពុងតែទទួលរងការវាយលុកពីជំងឺកូវីដ១៩នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមមាន៖
១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។
២-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។
៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។

ដោយឡែកមនុស្សមួយចំនួនទៀត បានរត់ចូលផ្ទះជួលអស់ ពេលសមត្ថកិច្ចទៅដល់ ៕ដោយប៊ុនធី/វ៉ាន់លុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner