នាយករដ្ឋមន្រ្តីឥណ្ឌាជំរុញអោយប្រជាជនខ្លួនបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេផ្ទាល់ ដើម្បីបញ្ឈប់ការកើនឡើងករណីឆ្លងជំងឺ Covid-19
ឥណ្ឌា៖ នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី នៅថ្ងៃអង្គារនេះបានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ ចាត់វិធានការណ៍បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេផ្ទាល់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19 ដូច្នេះការបិទខ្ទប់ (Lockdown) មិនចាំបាច់ត្រូវធ្វើវានោះទេ ។
លោក ម៉ូឌី បានថ្លែងតាមទូរទស្សន៍ថា សភាពការណ៍នៅអាចគ្រប់គ្រងបានរហូតដល់ប៉ុន្មានសប្តាហ៍មុន ។ រលកទី២នេះចូលមកហាក់ដូចជាព្យុះមួយអ៊ីចឹង… សូមប្រជាពលរដ្ឋនៅក្នុងផ្ទះ និងកុំភិតភ័យ ខណៈប្រទេសជាតិជួបគ្រាអាសន្នសុខភាពដ៏អាក្រក់បំផុត ។ លោក ម៉ូឌី បន្ថែមថា រដ្ឋាភិបាលសហព័ន្ធកំពុងធ្វើការជាមួយអាជ្ញាធរមូលដ្ឋាននៅទូទាំងប្រទេស ដើម្បីធានាការផ្គត់ផ្គង់គ្រប់គ្រាន់នូវគ្រែពេទ្យ, អុកស៊ីសែន និងថ្នាំប្រឆាំងវីរុស ដើម្បីប្រយុទ្ធនឹងការផ្ទុះកូវីដ១៩ដ៏ធំនៅរលកទី២។
គួរបញ្ជាក់ថា នៅទូទាំងប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារម្សិលមិញនេះ បានរាយការណ៍ពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ដ៏ច្រើនដែលមិនធ្លាប់មានពីមុន គឺ១ពាន់៧៦១នាក់ ដែលនាំអោយចំនួនអ្នកស្លាប់សរុបឡើងដល់១៨ម៉ឺន៥៣០នាក់ តែទោះជាយ៉ាងណា វានៅតែទាបជាងសហរដ្ឋអាមេរិកឆ្ងាយ គឺ៥៦ម៉ឺន៧ពាន់៥៣៨នាក់ ៕ ប្រភព៖ CNA

