អភិបាលខេត្តកំពង់ស្ពឺ ថ្លែងថា ការចូលរួមធ្វើចត្តាឡីស័ករបស់បងប្អូន គឺជាការចូលរួមកាត់បន្ថយការឆ្លងរីករាលជំងឺកូវីដ-១៩ក្នុងសហគមន៍
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា រយៈពេល១៤ថ្ងៃ នៃការស្នាក់នៅធ្វើ ចត្តាឡីស័កតាមមណ្ឌលរបស់ពុក ម៉ែ មីង មា បងប្អូនពិតជាយូរណាស់ តែដើម្បីសេចក្តីសុខក្នុងក្រុមគ្រួសារនិងសហគមន៍ ដែលគ្មានការឆ្លងជំងឺសកលកូវីដ-១៩ គឺត្រូវតែមានភាពអត់ធ្មត់ និងព្យាយាម ពិសេសអនុវត្តន៍អោយបាន៣កុំ ៣ការពារ។ ការលើកឡើងដូច្នេះធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុង ឱកាសចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលបាន និងកំពុងស្នាក់នៅធ្វើចត្តាឡីស័កតាមមណ្ឌលទាំង៣០កន្លែង ក្នុងស្រុក-ក្រុងទាំង៨ នៃខេត្តកំពង់ស្ពឺ។
ឯកឧត្តម បានលើកឡើងពីស្ថានភាពថ្មីៗដែលប្រជាពលរដ្ឋនៅទូទាំងប្រទេសកំពុងតែប្រឈមនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងភាពមម៉ាញឹករបស់ថ្នាក់ដឹកនាំ ក្នុងការត្រូលសភាពការណ៍ដ៏តានតឹងនេះ។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាពេលបច្ចុប្បន្ននេះ គឺពិតជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋទាំងអ្នកជំងឺកូវីដ-១៩ និងអ្នកជាប់ពាក់ពន្ធ័កំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌល។ ដូច្នេះដើម្បីឆ្លើយតបដល់ការគិតគូរនេះ សូមបងប្អូនចូលរួមគិតពីសុខភាពខ្លួនឯង តាមរយៈការរស់នៅស្អាតហូបស្អាត មានអនា ម័យ និងរស់នៅតាមគន្លងបែបថ្មីនៃបរិបទកូវីដ-១៩។
ឯកឧត្តម វ៉ី សំណាង បានធ្វើការកោតសរសើរដល់ទឹកចិត្តក្រុមគ្រូពេទ្យ នៃក្រសួងសុខាភិបាល ដែលបានលះបង់យ៉ាងធំធេងនូវសេចក្តីសុខផ្ទាល់ខ្លួន និងមិនគិតពីការនឿយហត់ក្នុងការចូលរួមព្យាបាលបងប្អូនជាអ្នកជំងឺ។ ជាមួយនោះដែរក៏សូមអរគុណដល់ទឹកចិត្តបងប្អូនទាំងអស់គ្នា ដែលបានចូលរួមចំណែកជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ មកស្នាក់នៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមវិធានសុខាភិបាល៕ ម៉ុន សំអ៊ាត