លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ បន្តចុះចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋអំឡុងពេលបិទខ្ទប់ នៅខណ្ឌដូនពេញ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ចុះសំណេះសំណាលនិងចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងចែកជានិមិត្តរូប ២០០គ្រួសារ លើចំនួន ២.០០០គ្រួសារដែលរដ្ឋបាលខណ្ឌដូនពេញបានរៀបចំក្នុងថ្ងៃនេះ ជូនដល់ប្រជាពលរដ្ឋអំឡុងពេលបិទខ្ទប់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ។
ឆ្លៀតក្នុងឪកាសនោះលោកជំទាវក៏បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសម្តេចទាំងទ្វេរ ផ្ញើជូនបងប្អូនប្រកបដោយក្តីនឹករលឹក និងបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធម្មត់ និងគោរពតាមវិធានការ ៣ការពារ ៣កុំ និងអនុវត្តឲ្យបានតាមសេចក្តីសម្រេចស្តីពីវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ និងកាត់ផ្តាច់នៃការឆ្លងនៃព្រឹត្តិការណ៍ ២០ កុម្ភៈ ឲ្យឆាប់បានវិលទៅរកស្ថានភាពធម្មតាវិញ ។ ទន្ទឹមនឹងនោះផងដែរលោកជំទាវក៏បានពន្យល់ និងសូមការអធ្យាស្រ័យពីប្រជាពលរដ្ឋអំពីការបង្វែរពីថវិកា ៣០ម៉ឺនក្នុងមួយគ្រួសារ មកជាស្បៀងវិញផងដែរ ក្រោមការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល។
ក្នុងថ្ងៃដដែលនេះផងដែរ ក្រុមការងាររបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានចុះទៅ ៤ខណ្ឌ ដើម្បីចូលរួមក្នុងសកម្មភាពចែកអំណោយជំនួយសង្គមរបស់សម្តេចតេជោឲ្យបានឆាប់ រួមមាន ៖
១-ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចុះទៅខណ្ឌពោធិសែនជ័យ
២- ឯកឧត្តម ហុង ឡុង នាយកខុទ្ទកាល័យ និងជាក្រុមលេខាធិការដ្ឋាន ក្រុមការងារ ថ្នាក់ជាតិ ចុះទៅខណ្ឌមានជ័យ
៣- ឯកឧត្តម តុង វណ្ណៈ នាយករងខុទ្ទកាល័យ លោកជំទាវ ឧប និងជាក្រុមលេខាធិការដ្ឋាន ក្រុមការងារ ថ្នាក់ជាតិ ចុះទៅសង្កាត់គោករកា
៤-ឯកឧត្តម សុផាត យុត្តិធន នាយករង ខុទ្ទកាល័យ លោកជំទាវ ឧប និងជាក្រុមលេខាធិការដ្ឋាន ក្រុមការងារ ថ្នាក់ជាតិ ចុះទៅខណ្ឌព្រែកព្នៅ ៕