អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលតំបន់បិទខ្ទប់ និងការយកវត្ថុសំណាកពីក្រុមគ្រូពេទ្យ ចំពោះប្រជាពលរដ្ឋដែលលរស់នៅ ក្នុងភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី ជាតំបន់ត្រូវបិទខ្ទប់ពីការឆ្លងរាលដាលកូវីដ-19 ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឆ្នាំ២០២១

អត្ថបទដោយ៖
Kien Sereyvuth

    ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត បានអញ្ជើញចុះពិនិត្យមើលតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្រ ភូមិខ្នាចអំពរ ឃុំព្រែកជីកស្រុករុក្ខគីរី និងបានពិនិត្យមើលពីការចុះយកវត្ថុសំណាកប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ពីសំណាក់ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តដឹកនាំដោយលោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង និងអមដំណើរពីអាជ្ញាធរនៃរដ្ឋបាលស្រុករុក្ខគីរី និងស្ថាប័នកងកម្លាំងនិងអង្គភាពពាក់ព័ន្ធមួយចំនួនផងដែរ។

       តាមការគូសបញ្ជាក់ពីលោកស្រី ប៊ិន ប៉ូឡែនអភិបាលស្រុករុក្ខគីរី បានគូសបញ្ជាក់ថា: ភូមិខ្នាចអំពរ មានប្រជាពលរដ្ឋរស់នៅ សរុបចំនួន ៣០៦ គ្រួសារ គិតជាមនុស្សរាយ ១.៣១៦នាក់។ក្រោយរកឃើញករណីនៃការរឆ្លងជម្ងឺកូវីដ-19ពីបុរសម្នាក់មានទីលំនៅក្នុងភូមិនេះ។រដ្ឋបាលស្រុក បានចាត់តាំងកម្លាំងសរុបដើម្បីបិទខ្ទប់នៅក្នុងភូមិខ្នាចអំពរឃុំព្រែកជីក ជាបន្ទាន់ភ្លាមៗ ចាប់តាំងពីយប់ថ្ងៃទី២១ខែមេសា ដោយបានចងខ្សែដាក់បម្រាមហាមឃាត់រារាំងការចេញចូលឆ្លងកាត់ភូមិខាងលើនេះ។

      នៅក្នុងវិធានការចំពោះមុខនេះ អាជ្ញាធរស្រុកបានធ្វើការបិទខ្ទប់លំនៅដ្ឋានចំនួន៩៦ខ្នងផ្ទះ នៅតាមបណ្តោយផ្លូវក្នុងភូមិខាងលើ ប្រវែងប្រមាណជាង២គីឡូម៉ែត្រ។ នៅតាមខ្នងផ្ទះនីមួយៗ គិតជាមនុស្សរាយ ក្នុងមួយខ្នងផ្ទះប្រមាណពី៥-៧នាក់។គិតជាមនុស្សរាយ សរុបប្រមាណ ៥៧៦នាក់ និងហាមដាច់ខាតមិនអនុញ្ញាតិឱ្យចេញក្រៅផ្ទះ។

       នៅក្នុងការចុះត្រួតពិនិត្យលក្ខណៈភូមិសាស្ត្ររបស់ភូមិដែលកំពុងធ្វើការបិទខ្ទប់នេះក្នុងនោះឯកឧត្តម អភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំដល់អាជ្ញាធរស្រុកនិងកងកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ត្រូវធ្វើការបិទចរាចរណ៍ទូទាំងភូមិ ដោយមិនត្រូវឱ្យធ្វើដំណើរឆ្លងកាត់ភូមិទៀតទេ នៅពេលដែលអាជ្ញាធរកំពុងមានវិធានការក្នុងការទប់ស្កាត់ពីការឆ្លងរីករាលដាលក្នុងសហគមន៍ ចំពោះប្រជាពលរដ្ឋទូទៅ។ដោយលើកលែងតែឡានដឹកទំនិញតែប៉ុណ្ណោះ។ ហើយចំពោះអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំដល់អាជ្ញាធរស្រុកនិងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅក្នុងមូលដ្ឋាន ត្រូវចាត់តាំងកម្លាំងសមត្ថកិច្ច និង ប្រជាការពារ ធ្វើការយាមកាមនៅតាផ្ទះបងប្អូនដែលម្ចាស់ កំពុងជាប់ធ្វើចត្តាឡីស័ក ដើម្បីជួយការពារនូវទ្រព្យសម្បត្តិផ្សេងៗ រួមទាំងមើលការថែទាំ ផ្តល់ចំណីនិងទឹកផឹក ដល់សត្វពាហនៈគោ ក្របី របស់ពួកគាត់ ឲ្យបានល្អ។

      ជាមួយគ្នានេះផងដែរ ឯកឧត្តមក៏បានជម្រុញឲ្យអភិបាលស្រុក ត្រូវរៀបចំនូវផ្សារចល័តមួយដោយចាត់តាំងបុគ្គលអ្នកលក់ដូរម្នាក់ និងមានលិខិតសម្គាល់ខ្លួនឲ្យបានជាក់លាក់ដើម្បីដឹកលក់នូវបន្លែត្រីសាច់ និងម្ហូបអាហារផ្សេងៗ ដោយអនុញ្ញាតឲ្យមានការលក់ដូររបៀបចល័ត ដែលយ៉ាងហោចណាស់ ក្នុង១ថ្ងៃ ២ពេល គឺនៅម៉ោង៨ព្រឹកនិងម៉ោង៣រសៀលល្ងាច។ ដោយឡែកចំពោះគ្រួសារក្រីក្រខ្វះខាតខ្លាំង ដែលប្រឈមរកព្រឹកខ្វះល្ងាច ចំនួន១០គ្រួសារ អាជ្ញាធរត្រូវរៀបចំឧបត្ថម្ភស្បៀង៖ជាអង្ករ,មី ជូនដល់ពួកគាត់ទាំងនោះ។

       ព្រមជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជួបជាមួយប្រជាពលរដ្ឋដែលកំពុងឃុំខ្លួនក្នុងផ្ទះ ដើម្បីបញ្ចៀសបញ្ហាប្រឈមក្នុងការឆ្លងរីករាលដាលក្នុងតំបន់បិទខ្ទប់ ដោយបានសំណូមពរសុំឲ្យបងប្អូនមានការយោគយល់នូវបញ្ហាបិទខ្ទប់និងពីបញ្ហាប្រឈម នៃការឆ្លងពិកូវីដ-19 មួយរយៈសិនទម្រាំតែបញ្ចប់និងវិលទៅរកភាពធម្មតាឡើងវិញ។

      ក្នុងឱកាសនោះឯកឧត្តម ក៏បានចែកម៉ាស់ដល់បងប្អូន ព្រមទាំងអំពាវនាវឲ្យចូលរួមក្នុងការចេញមកធ្វើតេស្ត ដើម្បីយកវត្ថុសំណាក ពីក្រុមគ្រូពេទ្យនៅទីនេះ ដើម្បីយកវត្ថុសំណាកពីបងប្អូននិងរង់ចាំលទ្ធផលពីការធ្វើតេស្តរកករណី វិជ្ជមាន និង អវិជ្ជមាន ក្នុងភូមិសាស្ត្រដែលកំពុងបិទខ្ទប់នេះ។

     ដោយឡែកផ្អែកតាមការយកវត្ថុសំណាកដល់អ្នកពាក់ព័ន្ធផ្ទាល់ និង អ្នករស់នៅប្រយោល ក្នុងតំបន់ដែលកំពុងបិទខ្ទប់ ស្ថិតក្នុងភូមិសាស្ត្រភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែមេសា និងពីការយកវត្ថុសំណាក អ្នករស់នៅស្ថិតក្នុងតំបន់ឆ្លងរាលដាលនៃជម្ងឺកូវីដ19 លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ប្រាប់ឲ្យដឹងថា៖មនុស្សចំនួន៥៣នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់និងដោយប្រយោល ជាមួយបុរសម្នាក់រស់នៅក្នុងភូមិខ្នាចអំពារ ឃុំព្រែកជីក ស្រុករុក្ខគិរី ត្រូវបានមន្ត្រីសុខាភិបាលចុះយកវត្ថុសំណាកលើកទី១តាមរយៈនៃឧបករណ៍ពិសោធន៍រហ័ស នៅថ្ងៃទី២២ ខែមេសាឆ្នាំ២០២១ហើយជាលទ្ធផល “អវិជ្ជមាន”ទាំងអស់។ ប៉ុន្តែពួកគេត្រូវរង់ចាំការយកវត្ថុសំណាកជាបន្តទៀតនិងត្រូវធ្វើចត្តាឡីស័កនៅក្នុងផ្ទះរៀងៗខ្លួន។

     សូមបញ្ជាក់ថា៖ បន្ទាប់ពីមានករណីបុរសម្នាក់វិជ្ជមានកូវីដ-19 ដែលចេញលទ្ធផលកាលពីថ្ងៃទី២០ខែមេសាឆ្នាំ២០២១និងក្នុងគោលបំណងកុំឲ្យមានការឆ្លងរាលដាលកាន់តែខ្លាំង ក្នុងសហគមន៍ នៃជំងឺកូវីដ-19 រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចបិទខ្ទប់ភូមិខ្នាចអំពរ ដែលជាទីកន្លែងបុរសនោះរស់នៅ “រយៈពេល១៤ថ្ងៃ” ចាប់ពីថ្ងៃទី ២២ ខែមេសា រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner