ម្ចាស់មេដាយមាសកីឡាអាស៊ី ផ្នែកម៉ូតូទឹកកីឡាករ សាលី អ៊ូមើត នឹងប្រកួតជើងឯកពិភពលោកស្អែក

អត្ថបទដោយ៖
សារ៉ាន ទីងី

(ភ្នំពេញ)៖ ម្ចាស់មេដាយមាសកីឡាអាស៊ី ផ្នែកម៉ូតូទឹកកីឡាករ សាលី អ៊ូមើត និងមិត្តរួមជាតិ ម៉ឺន ម៉ូស្ដាន នឹងត្រូវប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក (Jet Ski World Cup 2021) នាថ្ងៃទី២៤-២៥ ខែមេសា ចុងសប្ដាហ៍នេះ នៅតំបន់ឆ្នេរនៃទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ។

សាលី អ៊ូមើត បានឲ្យដឹងថា សម្រាប់ការប្រកួតចុងសប្ដាហ៍នេះ ខ្លួន និង ម៉ឺន ម៉ូស្ដាន ដែលត្រូវជាប្អូនជីដូនមួយ នឹងត្រូវប្រកួតលើវិញ្ញាសាស្គីឈរជាមួយគ្នា ដែលជាវិញ្ញាសា អ៊ូមើត ដណ្ដើមបានមេដាយមាស Asian Games 2018 និងមេដាយកម្រិតពិភពលោកជាច្រើនទៀតផង ។ ជើងខ្លាំងផ្នែកម៉ូតូទឹករូបនេះបានបញ្ជាក់ថា «World Cup ឆ្នាំនេះ ខ្លួនមិនសូវរំពឹងច្រើនទេ ព្រោះម៉ូតូទឹក ចាស់ ប្រើ៤ឆ្នាំមកហើយ ហើយម៉ូតូទឹកថ្មី ជាប់កូវីដរាំងស្ទះនៅអូទ្រីស ដោយសារជាង កើតកូវីដ ។ ទើបសម្រេចចិត្តប្រើម៉ូតូទឹកចាស់ដែលធ្លាប់ប្រកួត Asian Games 2018។ ប៉ុន្ដែ អ៊ូមើត ប្តេជ្ញានឹងប្រើសមត្ថភាពរបស់ដែលខ្លួនមាន ដើម្បីដណ្ដើមលទ្ធផលល្អ និងកិត្តិយសជូនជាតិ»។

កីឡាករមានប្រភពពីខេត្តត្បូងឃ្មុំបន្ថែមថា «ចំពោះកីឡាករ ម៉ឺន មូស្ដាន គាត់អាចមានសង្ឃឹមច្រើន ព្រោះគាត់មាន Sponsor មកពីក្លិបថៃមួយទៀត ដែលជាមិត្តភ័ក្ដ្ររបស់គាត់ ចឹងគាត់ឧបត្ថម្ភម៉ូតូទឹកល្អ និងមានល្បឿនលឿនរត់បាន ១២០ដូចគេដែរ ចឹងយើងសង្ឃឹមលើគាត់។ តែយ៉ាងណាពួកខ្ញុំទាំង ២នាក់ នឹងជួយគ្នាក្នុងកាលៈទេសៈណាដែលយើងអាចជួយគ្នាបាន។ យើងនឹងជួយគ្នា ដើម្បីជួយឲ្យប្រទេសកម្ពុជាយើងជាប់ចំណាត់ថ្នាក់ល្អលើឆាកអន្ដរជាតិ ព្រោះនេះជាពានរង្វាន់ពិភពលោកដ៏ធំមួយ ដែលមានការប្រកួតរៀងរាល់ឆ្នាំ…»។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោកនេះ នឹងធ្វើឡើងរយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី២១-២៥ ខែមេសា ដោយមានប្រទេសចូលរួមដូចជាកម្ពុជា បារាំង ប៊ែលហ្ស៊ិក ជប៉ុន ចិន អេស្ដូនៀ និងម្ចាស់ផ្ទះថៃជាដើម។ សម្រាប់កម្ពុជា គឺមានកីឡាករ ៥រូបចូលរួម ក្នុងនោះ ៣រូបបានបញ្ចប់ការប្រកួតរួមមានកីឡាករ ម៉ឺន អូស្មាន, កៃ វ៉ាន់ស៊ីដែន និងកីឡាករ សាលី ហ្វីលីន។ ចំណែក អ៊ូមើត និង ម៉ូស្ដាន គឺត្រូវប្រកួត ២ថ្ងៃចុងក្រោយនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner